
Health
RFI
សុខភាពជាបញ្ហាចម្បងរបស់មនុស្សគ្រប់រូប ! ដើម្បីចូលរួមចំណែកលើកកម្ពស់សុខភាពសាធារណៈ នៅរៀងរាល់ថ្ងៃពុធ អស់លោកអ្នកនាងនឹងបានស្តាប់ សេចក្តីអត្ថាធិប្បាយ និងបទសម្ភាសន៍របស់ អៀង សុខម៉ិញ ជាមួយនឹងគ្រូពេទ្យឯកទេស ស្តីពីប្រធានបទផ្សេងៗទាក់ទងនឹងសុខភាព មានជាអាទិ៍ការការពារ ការព្យាបាល។
Location:
France
Genres:
Health & Wellness Podcasts
Networks:
RFI
Description:
សុខភាពជាបញ្ហាចម្បងរបស់មនុស្សគ្រប់រូប ! ដើម្បីចូលរួមចំណែកលើកកម្ពស់សុខភាពសាធារណៈ នៅរៀងរាល់ថ្ងៃពុធ អស់លោកអ្នកនាងនឹងបានស្តាប់ សេចក្តីអត្ថាធិប្បាយ និងបទសម្ភាសន៍របស់ អៀង សុខម៉ិញ ជាមួយនឹងគ្រូពេទ្យឯកទេស ស្តីពីប្រធានបទផ្សេងៗទាក់ទងនឹងសុខភាព មានជាអាទិ៍ការការពារ ការព្យាបាល។
Language:
Khmer
Episodes
លើសជាតិខ្លាញ់កូឡេស្តេរ៉ុល និងទ្រីគ្លីសេរីត មានគ្រោះថ្នាក់យ៉ាងណា?
10/16/2025
កាត់បន្ថយជាតិខ្លាញ់ ជាតិស្ករ ជាតិប្រៃនេះជាសារដែលអាជ្ញាធរសុខាភិបាល បាននិងកំពុងប្រឹងប្រែងផ្សព្វផ្សាយដើម្បីណែនាំដល់ប្រជាពលរដ្ឋគ្រប់រូប គ្រប់វ័យ គិតគូរអំពីប្រយោជន៍សុខភាព។ ឧទាហរណ៍ លើសស្ករនឹងធ្វើឱ្យកើតជំងឺទឹកនោមផ្អែម លើសជាតិប្រៃនឹងធ្វើឱ្យមានសម្ពាធឈាមខ្ពស់ ។ល។ និង។ល។ ចុះបើលើសខ្លាញ់នឹងបង្កឱ្យមានផលវិបាកយ៉ាងណាខ្លះ?
ខ្លាញ់ជាសារធាតុមិនអាចខ្វះបានសម្រាប់សរីរាង្គកាយមនុស្ស។ ប៉ុន្តែនៅពេលសារធាតុនេះមានបរិមាណច្រើនជ្រុល លើសសេចក្តីត្រូវការរបស់សពាង្គកាយ ច្បាស់ណាស់ដែលថា ខ្លាញ់អាចនឹងក្លាយទៅជាសត្រូវវិញ។ លើសជាតិខ្លាញ់ គ្មានផ្តល់រោគសញ្ញាអ្វីទាំងអស់ ក្នុងដំណាក់កាលដំបូង។
ដើម្បីបានដឹងអំពីបរិមាណជាតិខ្លាញ់នៅក្នុងខ្លួនថាច្រើន-តិចឬល្មម វិធីមានតែមួយគឺការជួសធ្វើតេស្តវិភាគឈាម ដើម្បីវាល់កំរិតជាតិខ្លាញ់ក្នុងឈាម ដែលមានឈ្មោះ បច្ចេកទេសថា កូឡេស្តេរ៉ុល និងទ្រីគ្លីសេរីត។
តើកូឡេស្តេរ៉ុល និង ទ្រីគ្លីសេរីតជាអ្វី?
នៅក្នុងលទ្ធផលនៃការវិភាគឈាមឆែកមើលសុខភាពជាទូទៅ គេតែងឃើញមានរបាយការណ៍ ស្តីពីកូឡេស្តេរ៉ុល និងទ្រីគ្លីសេរីត នៅត្រសងគ្នា។ កូឡេស្តេរ៉ុល មានអ្នកស្គាល់ច្រើនជាង និងគួរឱ្យខ្លាចជាង។ តែតាមការពិត អត្រាជាតិខ្លាញ់កូឡេស្តេរ៉ុល និងអត្រាជាតិខ្លាញ់ទ្រីគ្លីសេរីត គួរតែទទួលបានការតាមដានដោយប្រុងប្រយ័ត្នដូចគ្នា ព្រោះកូឡេស្តេរ៉ុលនិងទ្រីគ្លីសេរីត អាចបង្កបញ្ហាដូចគ្នាដល់សុខភាព ជាពិសេសដល់សុខភាពសរសៃឈាមបេះដូង ប្រសិនបើយើងជាតិខ្លាញ់ទាំងពីរមានបរិមាណច្រើនជ្រុល ឬឡើងខ្ពស់ពេក នៅក្នុងឈាម។
ផលិតដោយសរីរាង្គកាយ និងតាមរយៈចំណីអាហារ កូឡេស្តេរ៉ុល និងទ្រីគ្លីសេរីត ជាប្រភេទសារធាតុលីពីតដ៏ចាំបាច់ដូចគ្នាសម្រាប់សរីរាង្គកាយ ឬនិយាយឱ្យចំ គឺជាខ្លាញ់ដែលនៅក្នុងឈាម និងដែលមានប្រភពនិងតួនាទីខុសគ្នា។
កូឡេស្តេរ៉ុល ប្រៀបដូចប្រេងរំអិល មានតួនាទីសំខាន់ខ្លាំងណាស់សម្រាប់ដំណើរការរបស់កោសិកានៃខ្លួនប្រាណទាំងមូល សម្រាប់ការសំយោគស្រូបទាញវីតាមីន D ពីផ្ទៃស្បែក សម្រាប់ដំណើរការនៃថង់ប្រមាត់ ឬដំណើរការនៃអរមូនមួយចំនួនដូចជា អរមូនករទីហ្សូន និងអរមូនតេស្តេរ៉ូន។ ៦៥%នៃខ្លាញ់កូឡេស្តេរ៉ុល បានមកពីការផលិតរបស់ថ្លើម សល់ប៉ុន្មានបានមកពីចំណីអាហារ។ និយាយជារួម កូឡេស្តេរ៉ុល មានចំណែកចាំបាច់ណាស់សម្រាប់ទ្រទ្រង់ឱ្យមានសុខភាពល្អជាទូទៅ។ ដូច្នេះ បរិមាណជាតិខ្លាញ់កូឡេស្តេរ៉ុលនេះមិនត្រូវឱ្យខ្វះទេ តែក៏មិនត្រូវច្រើនជ្រុលដែរ។
ហេតុអ្វីមិនត្រូវឱ្យខ្វះ និងមិនឱ្យលើស? នៅក្នុងឈាម ខ្លាញ់កូឡេស្តេរ៉ុល ចែកជាពីរទម្រង់ទៀត គឺកូឡេស្តេរ៉ុល LDL ដែលជាប់ឈ្មោះថាជាខ្លាញ់មិនល្អ ព្រោះវាងាយនឹងកកជាប់នៅតាមផ្ទៃនៃជញ្ជាំងសរសៃឈាមអាទែ (សរសៃហូរចេញពីបេះដូង) និងកូឡេស្តេរ៉ុល HDL ឬហៅថាខ្លាញ់កូឡេស្តេរ៉ុលល្អ។ កូឡេស្តេរ៉ុលល្អHDL ជាអ្នកដឹកជញ្ជូនប្រមូលខ្លាញ់កូឡេស្តេរ៉ុលក្នុងឈាមដែលហួសចំណុះ -លើសសេចក្តីត្រូវការ នាំទៅថ្លើម ដើម្បីបំប្លែងចោល។ មានន័យថាកូឡេស្តេរ៉ុលHDLនេះ បានដើរតួនាទីជាអ្នកការពារមិនឱ្យមានបញ្ហាសុខភាពសរសៃឈាមបេះដូង។ ដូច្នេះមិនត្រូវឱ្យខ្វះខ្លាញ់ល្អប្រភេទនេះទេ។ ផ្ទុយទៅវិញ ខ្លាញ់មិនល្អកូឡេស្តេរ៉ុល LDL បើមានច្រើនកាលណាវានឹងសម្រួលឱ្យមានផលវិបាកច្រើន ដូចជាបណ្តាលឱ្យសរសៃឈាមរួមតូច ដោយមានការកកខ្លាញ់នៅតាមជញ្ជាំងសរសៃឈាម។ បើសរសៃឈាមរួមតូច និងមានកាកសំណល់កករាំងចរន្តឈាម គ្រោះហានិភ័យជួបករណីស្ទះឬដាច់សរសៃឈាម នៅបេះដូង (ស្លោកបេះដូង) និងនៅខួរក្បាល (ស្ត្រូប) អាចកើតបានគ្រប់ពេល។
ចំណែកជាតិខ្លាញ់ទ្រីគ្លីសេរីត ក៏ផលិតដោយថ្លើម និងចំណីអាហារដែរ។ ជាតិស្ករ ជាតិម្សៅ និងអាល់កុល ដែលយើងទទួលទានចូលទៅច្រើនជ្រុលនឹងត្រូវបានថ្លើមបំប្លែងទៅជាទ្រីគ្លីសេរីត រួចនាំទៅស្តុកទុកក្នុងជាលិកាស្បែក ក្នុងទម្រង់ជាជាតិខ្លាញ់ និងថាមពលបម្រុង កកនៅក្រោមស្បែក។ នៅពេលអត្រាជាតិទ្រីគ្លីស្តេរីតឡើងខ្ពស់ មានបរិមាណច្រើនជ្រុល វាមិនបង្កផលប៉ះពាល់ដល់សរសៃឈាមអាទែដោយផ្ទាល់ ដូចកូឡេស្តេរ៉ុលទេ តែវាអាចបង្កើនគ្រោះហានិភ័យកើតជំងឺសរសៃឈាមបេះដូងផង និងអាចសម្រួលឱ្យមានបញ្ហានៅសរីរាង្គលំពែង ព្រមទាំងជំងឺរលាកលំពែងដែលជួនកាលជាជំងឺដ៏ធ្ងន់ធ្ងរផង។
អ្វីជាគ្រោះថ្នាក់បំផុតនៃការលើសជាតិខ្លាញ់ មិនថាខ្លាញ់កូឡេស្តេរ៉ុល ឬទ្រីគ្លីសេរីតទេ សុទ្ធតែប្រព្រឹត្តទៅដោយគ្មានផ្តល់រោគសញ្ញាអ្វីទាំងអស់។ ខ្លាញ់អាចបន្តកកតាមសរសៃឈាម បន្តិចម្តងៗជាលំដាប់ ជារៀងរាល់ថ្ងៃ...
Duration:00:08:59
ហេតុអ្វីមហារីកសុដន់មានកើតលើស្ត្រីវ័យក្មេងកាន់តែច្រើនឡើងៗ
10/8/2025
តុលា ជាខែដែលពិភពលោកឧទ្ទិសដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកសុដន់។ ដូចជារៀងរាល់ឆ្នាំ ពេញមួយខែតុលានេះ អាជ្ញាធរសុខាភិបាលនានាបានរៀបចំកម្មវិធីផ្សេងៗជាច្រើនដើម្បីបញ្ចៀបពលរដ្ឋឱ្យបានយល់ដឹងអំពីសារៈសំខាន់នៃការធ្វើតេស្តេវែករក ជំងឺមហារីកសុដន់ ដែលបើគេឆាប់ដឹង ឆាប់បានទទួលការព្យាបាល នោះសំណាងបានជាសះស្បើយពីជំងឺក៏ខ្ពស់ខ្លាំង។ ប៉ុន្តែទន្ទឹមពេលជាមួយគ្នានេះ មានចំណោទសួរថាតើហេតុអ្វីបានជាមានស្ត្រីវ័យក្មេងកាន់តែច្រើនឡើងៗកើតជំងឺមហារីកសុដន់?
រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ មហារីកសុដន់ នៅតែជាមូលហេតុទីមួយនៃមរណភាពស្ត្រីដោយជំងឺមហារីក។ ក្នុងមួយឆ្នាំៗ ជំងឺមហារីកសុដន់បានសម្លាប់ស្ត្រីប្រមាណ១២០០០នាក់ នៅក្នុងប្រទេសបារាំង។ ការវែករកឃើញជំងឺមហារីកសុដន់បានឆាប់ តាំងពីដំណាក់កាលដំបូងៗ មុនចេញរោគសញ្ញា ផ្តល់លទ្ធភាពខ្ពស់ដល់ការព្យាបាល ឱ្យបានជាសះស្បើយ ក្នុង៩ករណីលើ១០។ ហេតុដូច្នេះហើយបានជា ជារៀងរាល់ឆ្នាំ ពិភពលោកតែងរៀបចំយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកសុដន់ ពេញមួយខែតុលា តាមរយៈព្រឹត្តិការណ៍ផ្សេងៗ ដូចជាការលម្អទីកន្លែងដោយចងបូពណ៌កុលាប បំភ្លឺអាគារសាធារណៈ អាគារប្រវត្តិសាស្ត្រ ទេសចរណ៍ ឧទាហរណ៍ តួអេហ្វែល នៅក្រុងប៉ារីស បានប្តូរទៅជាមានពណ៌កុលាបនៅពេលយប់ពេញមួយតែតុលា ព្រមទាំងកម្មវិធីជួបជុំ បែបកំសាន្ត បែបអប់រំ បែបកីឡា ។ល។ កម្មវិធីដ៏ពេញនិយមជាងគេនៅប្រទេសបារាំង គឺការជួបជុំរត់ បែបពាក់កណ្តាលម៉ារ៉ាតុង ដើរជាគ្រួសាររយៈឆ្ងាយ ... កម្មវត្ថុនៃការរៀបចំព្រឹត្តិការណ៍ មានតែមួយគឺ ដើម្បីបញ្ចៀប បំផុស ព័ត៌មាន និងបញ្ចុះបញ្ចូលស្ត្រីឱ្យទៅធ្វើតេស្តវិភាគក្រែងមានកើតជំងឺមហារីកសុដន់
ជាទូទៅ អាយុ៥០ឆ្នាំទ់ៅ៧៤ឆ្នាំ ជាវ័យងាយរងគ្រោះកើតជំងឺមហារីកសុដន់ជាងគេ។ ដោយមូលហេតុនេះទើបពលរដ្ឋបារាំងភេទស្រី ក្នុងវ័យនេះ បានទទួលការអញ្ជើញនិងណែនាំឱ្យធ្វើតេស្តដោយឥតគិតថ្លៃជារៀងរាល់ពីរឆ្នាំម្តង។ ប៉ុន្តែមហារីកសុដន់ជាជំងឺដែលកើតមានជាញឹកញាប់ជាងគេបង្អស់សម្រាប់ស្ត្រី កំពុងកើនឡើងជាលំដាប់ និងកាន់តែច្រើនឡើងៗលើរូបស្រ្តីវ័យក្មេង។ នេះបើតាមតួលេខផ្តល់ដោយវិទ្យាស្ថានជាតិប្រឆាំងនឹងជំងឺមហារីកបារាំង។ ស្ត្រីកាន់តែក្មេងឡើងៗ និងកាន់តែច្រើនឡើងៗមានជំងឺមហារីកសុដន់ នៅអាយុក្រោម៤០ឆ្នាំ។
ដូច្នេះត្រូវមានកម្មវិធីវិភាគរកជំងឺមហារីកសុដន់ជាស្វ័យប្រវត្តិលើស្ត្រីគ្រប់វ័យឬ?
មិនទេ! ការធ្វើតេស្តវិភាគវែកជំងឺមហារីកសុដន់ ថ្វីបើផ្តល់គុណប្រយោជន៍មែន តែនៅមានកំរិត និងអាចផ្តល់ផលអវិជ្ជមានវិញ។ ឆាប់ទៅធ្វើតេស្តពេក ក៏អាចក្លាយជាការវិភាគធ្វើរោគវិនិច្ឆ័យជ្រុលហួសហេតុ និងនាំឱ្យមានជាការព្យាបាលដុំដំបៅដែលមិនប្រាកដថានឹងវិវឌ្ឍន៍ទៅដុំមហារីក។ ការថតឆ្លុះដោយកាំរស្មីX ក្នុងករណីខ្លះ ក៏អាចជំរុញឱ្យមានផលវិបាកបញ្ច្រាសខ្យល់ ដោយអាចនឹងបង្កើនលទ្ធភាពមានជំងឺមហារីកទៅវិញ។ នេះជាមូលហេតុចម្បងមួយដែលក្រុមអ្នកជំនាញផ្តល់អនុសាសន៍ឱ្យតែស្ត្រីចាប់ពីវ័យ៥០ឆ្នាំឡើងទៅ ទៅធ្វើតេស្តថតសុដន់វិភាគរកជំងឺមហារីក ជារៀងរាល់ពីរឆ្នាំម្តងនោះ។
ចំណែកស្ត្រីវ័យក្មេង ត្រូវរំពឹងលើការវិភាគគ្លីនិក មានន័យថា ត្រូវតាមដានសុខភាពសុដន់ ដោយផ្ទាល់ភ្នែក ដោយខ្លួនឯង ឬដោយទៅជួបគ្រូពេទ្យជំនាញរោគស្ត្រី។ ចាប់ពីអាយុ២៥ឆ្នាំឡើងទៅ ស្ត្រីត្រូវចេះនិងឧស្សាហ៍ពិនិត្យមើលសុដន់ មើលរូបភាពខាងក្រៅ ក្រែងសុដន់មានទម្រង់ខុសប្រក្រតី។ នៅពេលឃើញមាន- ដុំ សាច់ពកនៅក្នុងសុដន់ ឬនៅតំបន់ក្រោមឃ្លៀក - មានស្នាមក្រហម ឬស្បែកសុដន់ឡើងពណ៌លឿង - ក្បាលដោះប្រទាញប្រទង់ លិប ខុសប្រក្រតី ឬមានហូរទឹកដោះ ត្រូវរួសរាន់ទៅជួបគ្រូពេទ្យជំនាញភ្លាម។
បន្ថែមពីលើការតាមដានស្ថានភាពសុដន់ ស្ត្រីអាយុក្រោម៥០ឆ្នាំ ត្រូវគិតគួរត្រួតពិនិត្យសុដន់ខ្លួនឯងដោយការចុចស្ទាបឱ្យបានសព្វជ្រុងជ្រោយ ត្រង់តំបន់ដោះនិងជុំវិញដោះរហូតដល់ក្រោមឃ្លៀក យ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ។ ណែកស្ត្រីចាប់ពី៥០ឆ្នាំឡើងទៅក៏មិនត្រូវធ្វេសប្រហែសដែរ ត្រូវឧស្សាហ៍ចុចស្ទាបសុដន់ ក្នុងចន្លោះពេលរង់ចាំទៅធ្វើការកៀបថតសុដន់ ជាថ្មី។
វិធីចុចស្ទាបសុដន់ ត្រូវធ្វើនៅពេលទើបអស់រដូវភ្លាម និងយ៉ាងដូច្នេះ៖
ហេតុអ្វីករណីមហារីកសុដន់កើនឡើងជាលំដាប់ លើស្ត្រីវ័យក្មេង?
ករណីស្ត្រីវ័យក្មេងកើតមហារីកសុដន់វ័យក្មេង ហាក់កើនឡើងជាលំដាប់មែន។...
Duration:00:08:26
ដេកថ្ងៃមួយស្រលេតជាដំណោះស្រាយនៃវិបត្តិខ្វះដំណេក
10/1/2025
កាលពីចុងខែកក្កដា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំង បានលើកទឹកចិត្តឱ្យក្រុមហ៊ុនសហគ្រាស និងស្ថាប័នសិក្សានានា ផ្តល់ឱកាសឱ្យបុគ្គលិកបានសម្រាកថ្ងៃមួយភ្លែត ដើម្បីបង្កើនសមត្ថភាព និងសក្តិសិទ្ធភាពការងារ។ គេងថ្ងៃតែមួយភ្លែតប៉ុណ្ណោះ មិនឱ្យលើស២០នាទីទេ។ តើត្រូវសម្រាកដូចម្តេច?
ការសម្រាកថ្ងៃ ជាប្រពៃណីដ៏យូរលង់មកហើយ នៅតាមបណ្តាប្រទេសច្រើននៅអាស៊ី និងនៅប្រទេសចិន ដែលថែមទាំងមានចែងក្នុងរដ្ឋធម្មនុញ្ញតាំងពីឆ្នាំ ១៩៤៨មកផង។ នៅជប៉ុន មិនកម្រទេដែលក្រុមហ៊ុនតម្រូវឱ្យបុគ្គលិកសម្រាកថ្ងៃ។ Power Nap គុណប្រយោជន៍នៃដំណេកថ្ងៃ ក៏បានទទួលស្គាល់យ៉ាងទូលំទូលាយនៅសហរដ្ឋអាមេរិកដែរ។ នៅអឺរ៉ុប ទម្លាប់គេងថ្ងៃ មិនសូវមានគេនិយមប៉ុន្មានឡើយ បើទោះបីជាមានការសិក្សាច្រើនឡើងៗបានបញ្ជាក់អំពីគុណប្រយោជន៍នៃការគេងថ្ងៃចំពោះសុខភាព ជាទូទៅ និងចំពោះសមត្ថភាពបំពេញការងារក៏ដោយ។
ប្រទេសបារាំងក៏គ្មានច្បាប់ទាក់ទងនឹងការសម្រាកថ្ងៃនេះដែរ។ បារាំងទើបផ្តើមចាប់អារម្មណ៍ខ្លាំង នឹងការសម្រាកថ្ងៃ តាំងពីផ្ទុះវិបត្តិកូវីដមក តែបារាំងមានច្បាប់ស្តីពីសិទ្ធិផ្តាច់ខ្លួនពីការងារ មិនឆ្លើយទូរស័ព្ទ មិនឆ្លើយអ៊ីមែល នៅម៉ោងឈប់ និងមានម៉ោងសម្រាកក្រោយបាយថ្ងៃត្រង់ ដែលអាចឱ្យបុគ្គលិកឆ្លៀតធ្មេចភ្នែកបានមួយភ្លែត។ ជាងនេះទៀត កាលពីចុងខែកក្កដា២០២៥ នៅក្នុងផែនការណែនាំអន្តរក្រសួងដើម្បីលើកកម្ពស់គុណភាពដំណេក រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំង លោកវេជ្ជបណ្ឌិត Yannick Neuder បានឯកភាពលើគំនិតផ្តួចផ្តើមដាក់ឱ្យមានការសម្រាកថ្ងៃនៅកន្លែងធ្វើការ និងសាលារៀន ពីព្រោះគុណភាពដំណេករបស់ប្រជាពលរដ្ឋបារាំង បន្តធ្លាក់ចុះជាលំដាប់។ ពលរដ្ឋធំពេញវ័យបារាំង សំរាន្តតិចជាងកាលពី ៥០ឆ្នាំមុន ចំនួនជាងមួយម៉ោងកន្លះ ពោលគឺមានដំណេកជាមធ្យមប្រមាណតែ៧ម៉ោង ក្នុងមួយយប់ និងជាងពាក់កណ្តាលរអ៊ូថាសំរាន្តមិនឆ្អែត មិនស្កប់ស្កល់។ កង្វះដំណេក ឬដេកមិនស្កប់ ជាប្រភពបង្កើនគ្រោះកើតជំងឺផ្លូវចិត្ត និងជំងឺសរសៃឈាមបេះដូង ព្រមទាំងជំងឺជាច្រើនផ្សេងទៀត។ ហើយបើតាមវិទ្យាស្ថានវិទ្យាសាស្ត្រនិងស្រាវជ្រាវសុខាភិបាលជាតិ ពលរដ្ឋបារាំងប្រមាណ២៨% សម្រាន្តមិនគ្រប់គ្រាន់ ដោយតិចជាងសេចក្តីត្រូវការរបស់សពាង្គកាយយ៉ាងហោចមួយម៉ោងក្នុងមួយយប់។ ៣០%នៃកុមារ និង៧០%នៃក្មេងជំទង់ គេងមិនគ្រប់គ្រាន់។ ហេតុដូច្នេះហើយបានជាលោករដ្ឋមន្ត្រីចង់ឃើញស្ថាប័នរដ្ឋ សាលារៀន ក្រុមហ៊ុនសហគ្រាសនានា នៅក្នុងស្រុកបារាំង បើអាចធ្វើទៅបាន គួរតែរៀបចំឱ្យមានកន្លែងសម្រាប់បុគ្គលិកសម្រាកថ្ងៃ បានមួយភ្លែត។
“ត្រូវធ្វើយ៉ាងណាឱ្យក្មេងបានសម្រាកថ្ងៃខ្លះ ព្រោះវាសំខាន់ខ្លាំងមែនទែនសម្រាប់សុខភាព ហើយក្រុមហ៊ុនសហគ្រាសនានាក៏គួរតែគិតគូរធ្វើដែរ។ មិនមែនជាកាតព្វកិច្ចផ្តល់ដោយក្រសួងសុខាភិបាលតម្រូវឱ្យនិយោគជកបំពេញទេ ប៉ុន្តែជាអនុសាសន៍ ដែលបើអាច ក្រុមហ៊ុនសហគាសគួរតែរៀបចំឱ្យបន្ទប់ ឬកន្លែងស្ងប់ស្ងាត់សម្រាប់ឱ្យបុគ្គលិកបានគេងថ្ងៃមួយភ្លែត។ នេះក៏មិនមែនជាវិធានការចាំបាច់ដាក់តម្រូវលើក្រុមហ៊ុនឱ្យប្រឹងធ្វើហួសលទ្ធភាពដែលមានដែរ។ គឺគ្រាន់តែជាការលើកទឹកចិត្តដល់ក្រុមហ៊ុន ក្នុងក្របខ័ណ្ឌនៃទំនួលខុសត្រូវ និងការចេះគិតគូរអំពីផាសុកភាពរបស់បុគ្គលិក។ មានក្រុមហ៊ុនច្រើនហើយបានចាប់ផ្តើមពិចារណាសំណើនេះហើយ។ នេះបើតាមប្រសាសន៍របស់លោករដ្ឋមន្ត្រីទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃទី២២កក្កដា២០២៥។
ដូចម្តេចដែលហៅថា សម្រាកថ្ងៃមួយភ្លែត? តើការគេងថ្ងៃមួយភ្លែត ផ្តល់គុណប្រយោជន៍សម្រាប់សុខភាពយ៉ាងណា?
យើងធ្លាប់ឮជាញយពាក្យថា មីក្រូហិរញ្ញវត្ថុ តែពេលនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំងបានប្រើពាក្យ មីក្រូដំណេក ដោយសំដៅទៅលើរយៈពេលដ៏ខ្លីនៃការសម្រាកថ្ងៃមួយភ្លែត ដើម្បីស្រូបកម្លាំងនិងបំពេញកង្វះដំណេកកាលពីពេលយប់។ សម្រាប់លោកវេជ្ជបណ្ឌិតជារដ្ឋមន្ត្រី មីក្រូដំណេកថ្ងៃ អាចជាដំណោះស្រាយមួយនៃករណីខ្វះដំណេកនៅពេលយប់។ អ្នកជំនាញផ្នែកដំណេក ក៏ធ្លាប់អះអាងជារហូតមកដែរថា ប្រសិនបើសេចក្តីត្រូវការផ្នែកដំណេកនៅពេលយប់មិនបានបំពេញឱ្យគ្រប់គ្រានទេ ការសម្រាកថ្ងៃដែលត្រូវមានរយៈពេលយ៉ាងខ្លីបំផុតត្រឹមពី១៥ទៅ២០នាទី នឹងផ្តល់គុណប្រយោជន៍ខ្លាំងណាស់ ក្នុងការពង្រឹងស្មារតីនិងបង្កើនសមត្ថភាពប្រសិទ្ធភាពការងារ។
គុណប្រយោជន៍នៃការសម្រាកថ្ងៃ មានច្រើនប្លែកៗគ្នា តែសំខាន់។ បើតាមការសិក្សារបស់ក្រុមភ្នាក់ងារណាសា ការដេកថ្ងៃ២០នាទី បង្កើនសមត្ថភាពការងារ៣៤% បង្កើនស្មារតីប្រុងប្រយ័ត្នបាន៥៤%។ សម្រាកថ្ងៃ១៥នាទី...
Duration:00:07:54
ខ្យល់ពុលក្នុងបរិយាកាសបង្កើនគ្រោះកើតជំងឺវង្វេងវង្វាន់
9/27/2025
នៅក្នុងរបាយការណ៍ចេញផ្សាយកាលពីឆ្នាំមុន អ្នកស្រាវជ្រាវបានផ្តល់សេចក្តីសន្និដ្ឋានរួចហើយថា ការស្រូបខ្យល់ពុលអាចបំផ្លាញសុខភាពខួរក្បាល។ ការសិក្សាថ្មី ក្នុងទ្រង់ទ្រាយធំខ្លាំង បានបញ្ជាក់បន្ថែមដោយចំៗ ថាខ្យល់កខ្វក់ក្នុងបរិយាកាសអាចបង្កើនគ្រោះហានិភ័យនាំឱ្យកើតជំងឺវង្វេងវង្វាន់អាល់ហ្សៃម៉ែរ។
ជំងឺវង្វេងវង្វាន់ជាអាការៈរោគដែលលេចឡើងដោយយឺតៗ ហើយដោយគ្មានថ្នាំព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់ទេ រហូតមកទល់នឹងពេលនេះម៉ោងនេះ។ នៅដើមខែកញ្ញានេះ អាជ្ញាធរសុខាភិបាលបារាំង ក៏ទើបផ្តល់សេចក្តីសម្រេចចិត្តបដិសេធមិនឱ្យប្រើប្រាស់ថ្នាំ Lecanemab ចំពោះអ្នកជំងឺវង្វេងវង្វាន់ដំណាក់កាលដំបូងទេ។ មានន័យថា ថ្នាំប្រឆាំងនឹងជំងឺវង្វេងវង្វាន់មួយនេះមិនអាចធ្វើចរាចរណ៍នៅក្នុងប្រទេសបារាំងទេ ក្នុងពេលភ្លាមៗនេះ បើទោះបីជាអឺរ៉ុបផ្តល់ការអនុញ្ញាតរួចហើយក៏ដោយ។ សមាគមក្រុមអ្នកជំងឺនិងអ្នកជំនាញខ្លះ ខកចិត្តយ៉ាងខ្លាំង ប៉ុន្តែសម្រាប់អាជ្ញាធរជាន់ខ្ពស់បារាំង ថ្នាំLecanemab (liqembi) គ្មានប្រសិទ្ធភាពគ្រប់គ្រាន់ និងផ្តល់ផលរំខានច្រើនជាងផលល្អដល់អ្នកជំងឺ។
សូមរំលឹកថា ជំងឺវង្វេងវង្វាន់ មានច្រើនទម្រង់ណាស់។ ជួនចាប់ផ្តើមឡើងដោយលក្ខណៈមិនច្បាស់ ប៉ះពាល់ដល់ផ្នែកបញ្ញាញាណ ដល់ការចងចាំ និងជួនមានអមដោយការផ្លាស់ប្តូរអត្តចរិក ក្លាយជាមនុស្សលែងមានឆន្ទៈ រួចភ្លេចរឿងរាវទើបកើតឡើងថ្មី ភ្លេចថ្ងៃភ្លេចខែ ភ្លេចពេលវេលា ភ្លេចកូនភ្លេចចៅ ភ្លេចបាយភ្លេចទឹក និងវង្វេង។
ជំងឺអាល់ហ្សៃម៉ែរ ដែលជាមូលហេតុចម្បងមួយនៃការបាត់បង់ការចងចាំ កើតមានកាន់តែច្រើនឡើងៗនៅលើពិភពលោក ក្នុងបរិមាណជាច្រើនសិបលាននាក់ណាស់។ បច្ចុប្បន្ន មានមនុស្សប្រមាណ៥៧លាននាក់ មានជំងឺវង្វេងភ្លេចភ្លាំង ដែលបណ្តាលមកពីកោសិកាប្រព័ន្ធប្រសាទក្នុងខួរក្បាលដាច់ ឬខូចខាតលែងប្រទាក់គ្នាល្អ។ អាយុ (ភាពចាស់ជរា) ជាមូលហេតុសំខាន់ដែលគេបានដឹងយ៉ាងជាក់ច្បាស់ និងដែលគេមិនអាចបញ្ចៀសបានទេ ប៉ុន្តែបញ្ហាដ៏គួរឱ្យព្រួយបារម្ភបំផុតមួយដែលនាំឱ្យងាយកើតជំងឺវង្វេងវង្វាន់ថែមទៀតនោះ ជាកត្តាដែលគេអាចបញ្ចៀសបាន។ នៅចន្លោះពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២០ គណៈកម្មការLancet ដែលបានចងក្រងទុកនូវគ្រប់ព័ត៌មានទាក់ទងនឹងជំងឺអាល់ហ្សៃម៉ែរ បានរាប់ឃើញមានកត្តាហានិភ័យ១២មុខនាំឱ្យមានជំងឺវង្វេងវង្វាន់។ ខ្យល់ពុលស្ថិតក្នុងចង្កោមកត្តាហានិភ័យមួយដែរ។ ខ្យល់ពុលក្នុងបរិយាកាស មានឈ្មោះមិនល្អសោះ។ នៅក្នុងការសិក្សានោះ គេបានសន្និដ្ឋានរួចហើយថា ខ្យល់ពុលក្នុងបរិយាកាសដែលមនុស្សយើងដកដង្ហើមស្រូបចូលជារៀងរាល់ថ្ងៃ មិនត្រឹមតែធ្វើឱ្យប្រលាក់ខូចសួត និងប្រព័ន្ធផ្លូវដង្ហើមទេ តែថែមទាំងអាចបំផ្លាញសុខភាពខួរក្បាលទៀត។
ខ្យល់នាំឱ្យឆាប់ភ្លេចភ្លាំង?
ឥលូវ ការព្រួយបារម្ភរីកកាន់តែធំ ព្រោះបើតាមការសិក្សាខ្នាតអន្តរជាតិ ដ៏ធំបំផុតមិនធ្លាប់មានទើបចេញផ្សាយនាពេលថ្មីៗចុងក្រោយនេះ នៅក្នុងទំព័រទស្សនាវដ្តីវិទ្យាសាស្ត្រដ៏ល្បីល្បាញ The Lancet ដដែលបានបញ្ជាក់បន្ថែមអំពីចំណងទំនាក់ទំនងរវាងខ្យល់ពុលក្នុងបរិយាកាស និងសុខភាពខួរក្បាល។ ខ្យល់ពុលអាចវាយប្រហារដល់ខួរក្បាល ដោយបង្កើនគ្រោះហានិភ័យកើតជំងឺខូចខួរក្បាលបាត់ការចងចាំ និងជំងឺវង្វេងវង្វាន់។ នេះបើតាមប្រភពដដែល។
ទិន្នន័យវិភាគដ៏ធំមិនធ្លាប់មាន ដែលជាការប្រមូលផ្តុំការសិក្សាចំនួន៥១លើមនុស្សជិត៣០លាននាក់នៅលើពិភពលោក រស់នៅជាពិសេសក្នុងបណ្តាប្រទេសជឿនលឿនមានចំណូលខ្ពស់ នៅទ្វីបអាមេរិក ទ្វីបអឺរ៉ុប និង អាស៊ី បានចង្អុលបង្ហាញឱ្យឃើញថាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងហានិភ័យធ្លាក់ខ្លួនវង្វេងនិងការស្រូបខ្យល់ពុលមានធាតុល្អិតឆ្មារនិចល ក្នុងខ្យល់បរិយាកាស។ ធាតុពុលក្នុងបរិយាកាសបីយ៉ាងចម្បងគេ កំពុងជាប់សង្ស័យខ្លាំងជាងគេថាជាដើមហេតុនាំឱ្យមានជំងឺវង្វេងវង្វាន់។ នោះគឺ ធាតុល្អិតឆ្មារខ្លាំង ក្រោម2,5PM អាចបង្កើនគ្រោះហានិភ័យដល់ទៅ១៧% ធាតុពុលឌីអុកស៊ីតដាហ្សូត ៣% និងផ្សែងឡាន ផ្សែងអុស ផ្សែងហ្កាស ១៣% បើជាតិពុលនោះមានកំហាប់ក្នុងបរិយាសស្ថិតក្នុងចន្លោះ១០µg/m³។
ធាតុពុលទាំងនេះមានប្រភពហុយចេញចរាចរណ៍លើផ្លូវថ្នល់ ពីបំពុងផ្សែងឡាន មជ្ឈមណ្ឌលអគ្គីសនី ធូលី ឬក៏ផ្សែងពុលចេញពីចំហេះឧស្សាហកម្ម ប្រេងធ្យូងថ្ម ឧស្ម័ននិង ចំហេះក្នុងផ្ទះ ការដុតធ្យូង ឬឧសចម្អិតម្ហូបឬកម្តៅផ្ទះ។ ខ្យល់ពុលប្រភេទទាំងអស់នេះ...
Duration:00:08:48
តើមានដំណោះស្រាយប្រឆាំងនឹងអាការៈស្រៀវធ្មេញទេ?
8/20/2025
ទំពារទឹកកក ខាំការ៉េម ឬបរិភោគទឹកត្រជាក់ស្រេបពេលមេឃក្តៅខ្លាំង ឬបរិភោគទឹកក្តៅពេលអាកាសធាតុត្រជាក់ ជាចំណង់មួយដែលអាចលេចឡើងលើមនុស្សគ្រប់រូប។ ប៉ុន្តែភាពរីករាយអាចក្លាយជាទុក្ខភ្លាមនៅពេលដាក់ចំណីទាំងនោះចូលទៅដល់ក្នុងមាត់ ស្រាប់ឈឺធ្មេញយ៉ាងខ្លាំង។ អាការៈឈឺធ្មេញបែបនេះ បណ្តាលមកពីមានបញ្ហាស្រៀវធ្មេញ។ នៅប្រទេសបារាំង មួយភាគបួននៃមនុស្សពេញវ័យ មានបញ្ហាឈឺស្រៀវធ្មេញនេះ។ ហេតុអ្វីធ្មេញមានអាការៈរោគបែបនេះ និងតើត្រូវធ្វើដូចម្តេច?
ឈឺធ្មេញជាអាការៈដែលពិបាកទ្រាំណាស់ជាទូទៅ។ មូលហេតុនៃការឈឺធ្មេញក៏មានច្រើនយ៉ាង។ ជាញឹកញយអាការៈឈឺធ្មេញ តែងចាប់ឡើងភ្លាមៗ និងតិចតួចដែលឈឺម្តងបន្តិចៗ។ ការឈឺធ្មេញ អាចគ្រាន់តែជាឈឺបែបរំខាន ទៅជាការឈឺខ្លាំង ចាប់ខ្ទោកៗ ខ្លាំងឡើងៗ ឬឈឺងំ រាលដាលដល់ឈឺក្បាល ឈឺថ្គាម ឈឺត្រចៀក និងរំខានសកម្មភាពប្រចាំថ្ងៃតែម្តង។ ការឈឺធ្មេញក៏អាចបណ្តាលមកពីធ្មេញប៉ះធាតុត្រជាក់ ក្តៅ ផ្អែម ឬជូរ។ ការឈឺស្រួចស្រាវ ទាំងធ្មេញមានដង្កូវស៊ីសោះបែបនេះ អាចជាអាការៈរោគស្រៀវធ្មេញ។
ឈឺធ្មេញ ស្រួចស្រាវ នៅពេលប៉ះជាតិត្រជាក់ ជាតិផ្អែម ឬក្តៅ ទាំងធ្មេញល្អចែស គ្មានដង្កូវស៊ីសោះ បណ្តាលមកពីអាការៈស្រៀវធ្មេញ អាចបង្អាក់ចំណង់ទទួលទាន និងរំខានការបរិភោគអាហារ និងភេសជ្ជៈច្រើនមុខណាស់។
ហេតុអ្វី ធ្មេញ ស្រៀវ ?
ធ្មេញ ប្រៀបដូចជាស៊ុត។ ពងមាន់ពងទា មានសម្បកក្រៅរឹងសម្រាប់ការពារ។ ចំណែកធ្មេញក៏មានស្រទាប់ក្រៅរឹងសម្រាប់ការពារដែរ ដែលគេហៅតាមភាសាបច្ចេកទេសថា កាចាធ្មេញ។ កាចាធ្មេញនេះមានសភាពរឹងដូចពេជ្រនិងធន់ខ្លាំងណាស់។ ប៉ុន្តែវាងាយនឹងខូច ហើយមិនអាចធន់នឹងជាតិស្ករ ដែលបំប្លែងទៅជាអាស៊ីតនិងមីក្រុបអាស៊ីតបានទេ។ ជាប់នឹងស្រទាប់កាចា គឺសាច់ធ្មេញ បើប្រៀបទៅនឹងស៊ុត គឺពងស។ សាច់ធ្មេញមិនសូវមានធាតុរ៉ែទេ ព្រោះវាជាភាគមួយនៃសរីរាង្គមនុស្ស។ ៣២%នៃសាច់ភ្លុកជាសរីរាង្គរបស់យើង មានន័យថាបើប៉ះ យើងនឹងឈឺ។ នៅក្នុងសាច់ធ្មេញ មានកូនបំពង់ ផ្ទុកសរសៃញាណ ជាច្រើន ប្រទាក់តភ្ជាប់ទៅសរសៃធ្មេញ ដែលស្ថិតនៅចំកណ្តាល (ស្នូល)នៃធ្មេញ។ សរសៃធ្មេញនេះទន់ និងជាអ្នកចិញ្ចឹមធ្មេញ ដែលបើប៉ះពាល់ត្រូវវា ក៏នឹងបង្កឱ្យឈឺខ្លាំងណាស់។ ក្នុងមួយតួធ្មេញ មានតែផ្ទៃខាងក្រៅ ឬកាចាធ្មេញទេ ដែលគ្មានញាណ ប៉ះមិនឈឺ រឹងអាចទ្រាំទ្រនឹងធាតុត្រជាក់ក្តៅគ្រប់បែបយ៉ាង។ កាចានេះជាអ្នកការពារស្រោបសាច់ធ្មេញ ត្រង់ផ្នែកដុះចេញមកក្រៅ ផ្នែកដែលគេមើលឃើញនៅពេលសើច ពេលនិយាយ និងដែលជួបប៉ះពាល់នឹងចំណីអាហារដោយផ្ទាល់។ ចំណែកសាច់ធ្មេញ នៅផ្នែកខាងឫសធ្មេញវិញ បានទទួលការគ្របការពារដោយឆ្អឹង និងអញ្ចាញ។
ដូច្នេះចំពោះអ្នកមានសុខភាពមាត់ធ្មេញល្អ សាច់ធ្មេញត្រូវបានការពារយ៉ាងល្អដោយកាចា និងអញ្ចាញ និងគ្មានជំនួបជាមួយអ្វីៗនៅក្នុងមាត់ទេ។ ប៉ុន្តែជួនទៅ កាចាស្រាប់តែសឹករិចរិល រងការបំផ្លាញ ឬអញ្ចាញសន្តក គឺនៅពេលនោះហើយដែលអាការៈឈឺស្រៀវធ្មេញ ចាប់លេចឡើង ព្រោះសាច់ធ្មេញមានទំនាក់ទំនងដោយផ្ទាល់ជាមួយប្រអប់មាត់ ។ ដូច្នេះ នៅពេលមានសកម្មភាពអ្វីតែបន្តិចនៅក្នុងមាត់ មិនថាជាការដុះធ្មេញ ឬគ្រាន់តែដាក់ចំណីអាហារ ក្តៅ ត្រជាក់ ជូរផ្អែមចូលទេ ជាតិនោះនឹងជ្រាបដល់សាច់ធ្មេញភ្លាម ហើយញាណរបស់សាច់ធ្មេញចាប់ផ្តើមញោច ដែលស្តែងដោយការឈឺចាប់យ៉ាងស្រួចស្រាវ ឬញាក់ដល់ព្រឺស្បែកតែម្តង។
ដូចបានជម្រាបពីខាងដើមស្រាប់ កាចាធ្មេញជាស្រទាប់រឹងខ្លាំងណាស់ រុំស្រោបសាច់ធ្មេញមិនឱ្យអ្វីទៅប៉ះដល់ទេ។ តែកាចាធ្មេញអាចខូចខាតបានដោយយន្តការមេកានិកសឹករិចរិល ក្រោមកម្លាំងកកិតរាល់ថ្ងៃរបស់ច្រាស នៅពេលដុះធ្មេញខ្លាំងៗពេក ហើយសរសៃច្រាសរឹងខ្លាំង និងដោយដុះទទឹងធ្មេញ។ កាយវិការនេះអាចធ្វើឱ្យស្រទាប់ធ្មេញងាយដាច់ដាច ស្នាមរលកក្រោមកម្លាំងកកិត ដែលធ្វើឱ្យបរិស្ថានក្នុងមាត់ ទឹក ខ្យល់ ចំណីអាហារ ។ល។ អាចជ្រាបទៅប៉ះដល់សាច់ធ្មេញ និងនាំឱ្យឈឺឈៀប។
កត្តាទីពីរ ដែលអាចធ្វើឱ្យកាចាធ្មេញខូចខាតបានដែរនោះ គឺជាតិគីមី។ នៅពេលអ្នកឧស្សាហ៍ទទួលទានភេសជ្ជៈឬអាហារមានជាតិជូរខ្លាំង ដូចយ៉ាងភេសជ្ជៈ ទឹកក្រូច ទឹកកូកា ទឹកផ្អែមកំប៉ុង ញយៗ ជាប់ៗគ្នាច្រើនពេក ជាតិស្ករអាស៊ីតនោះនឹងទៅស៊ីកាចាធ្មេញ។ ជាតិអាស៊ីត ច្រាលពីក្នុងខ្លួន នៅពេលក្អួត ពេលចាញ់កូន ឬដោយបញ្ហាក្រពះ ក៏បំផ្លាញស្រទាប់កាចាធ្មេញខ្លាំងដែរ។
ក្រៅពីភាពសឹករិចរិលនៃធ្មេញ អញ្ចាញធ្មេញក៏អាចជាមូលហេតុនាំឱ្យស្រៀវធ្មេញដែរ។...
Duration:00:08:23
ចាក់ថ្នាំបង្ការជំងឺរលាកថ្លើម ជួយបញ្ចៀសគ្រោះកើតជំងឺមហារីកថ្លើម?
8/6/2025
បើគ្មានយុទ្ធនាការចាក់ថ្នាំបង្ការជំងឺរលាកថ្លើមប្រភេទបេ និងចំណាត់ការផ្នែកសុខភាពសាធារណៈ ទប់ស្កាត់ជំងឺធាត់ជ្រុល និងការបរិភោគគ្រឿងស្រវឹងទេ ចំនួនអ្នកជំងឺមហារីកថ្លើមនឹងកើនឡើងពីរដង នៅឆ្នាំ២០៥០។ នេះបើតាមការសិក្សាអន្តរជាតិ ចេញផ្សាយនៅថ្ងៃអង្គារទី ២៨កក្កដា ២០២៥។
បច្ចុប្បន្ននេះ មហារីកថ្លើមជា ជំងឺមហារីកដែលសម្លាប់ជីវិតមនុស្សច្រើនជាងគេលំដាប់ទីបីនៅលើពិភពលោក និងជាជំងឺមហារីកដែលជាជួបប្រទះញឹកញយជាងគេលំដាប់ទី៦។ ចំនួនអ្នកជំងឺមហារីកថ្លើមអាចនឹងកើនឡើងទ្វេដងនៅឆ្នាំ២០៥០ ឬស្មើនឹងកំណើនអ្នកជំងឺមហារីកថ្លើមថ្មីចំនួន១លាន៥សែនពីរម៉ឺនករណី ក្នុងឆ្នាំ ហើយ១លាន៣សែន៧ម៉ឺននាក់នឹងត្រូវស្លាប់ដោយជំងឺមហារីកថ្លើមនេះ។ នេះបើតាមក្រុមអ្នកស្រាវជ្រាវជំងឺមហារីកពិភពលោក ដោយបញ្ជក់ថា ៨លើ១០នៃករណីមហារីកថ្លើម ជាប្រភេទមហារីក Carcinomes hépatocellulairesដែលមានកើតច្រើនជាពិសេសនៅអាស៊ី ខាងកើត អាហ្វ្រិកខាងជើង និងអាស៊ីអាគ្នេយ៍។ ក្នុងកំរិតពិភពលោក អត្រាសង្ឃឹមរស់ បាន៥ឆ្នាំក្រោយធ្លាក់ខ្លួនមានជំងឺមហារីកថ្លើម មានត្រឹមតែប្រមាណពី៥ទៅ៣០%តែប៉ុណ្ណោះ។
ប៉ុន្តែ ការសិក្សាអន្តរជាតិដែលដឹកនាំដោយគណៈកម្មការជំនាញ៦ប្រទេស (ចិន អាមេរិក កូរ៉េខាងត្បូង អ៊ីតាលី និងបារាំង និងដែលមានចេញផ្សាយក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រដ៏ល្បីល្បាញ The Lancet កាលពីថ្ងៃទី២៨កក្កដា២០២៥ បានផ្តល់ក្តីសង្ឃឹមថ្មី ក្នុងការទប់ស្កាត់ជំងឺមហារីកថ្លើម។
ប្រឈមនឹងជំងឺមហារីកថ្លើម ពិភពលោកចាំបាច់ត្រូវហ៊ាន ត្រូវតែមាននយោបាយ “បង្ការ” ប្រកបដោយមហិច្ឆតាខ្លាំង និងជាបន្ទាន់។ នេះបើតាមអនុសាសន៍របស់ក្រុមអ្នកជំនាញដដែល។ បើតាមការសិក្សារបស់អ្នកជំនាញក្រុមនេះ គេអាចបញ្ចៀសជំងឺមហារីកថ្លើម បានដល់៦០% នាពេលអនាគត តាមរយៈវិធានការការពារ មួយចំនួន ពីព្រោះ គេបានដឹងយ៉ាងច្បាស់ហើយថាជំងឺមហារីកថ្លើមបង្កឡើងដោយការបរិភោគសុរា ដោយជំងឺរលាកថ្លើមប្រភេទ បេ និងសេ ព្រមទាំងជំងឺធាត់ព្រមទាំងជំងឺទឹកនោមផ្អែម។
ជំងឺមហារីកថ្លើមបណ្តាលមកពីមូលហេតុពីរចុងក្រោយ គឺជាផលវិបាកនៃជំងឺដែលគេឱ្យឈ្មោះថ្មីថា ជំងឺថ្លើមពាក់ព័ន្ធនឹងដំណើរមិនប្រក្រតីនៃប្រព័ន្ធមេតាបូលិក ឬហៅកាត់ជាភាសាអង់គ្លេស MASLD (Metabolic dysfunction associated steatotic liver disseases) សម្រាប់មកជំនួសឈ្មោះជំងឺហៅពីមុនNash។
សម្រាប់អ្នកស្រាវជ្រាវ ទម្លាប់ហូបចុករបស់មនុស្សសម័យថ្មី ជះឥទ្ធិពលអាក្រក់ខ្លាំងណាស់ទៅលើសុខភាពថ្លើម។ ស្រា ស្រាបៀរ ស្រាខ្លាំង ស្រាស ស្រាក្រហម ស្រាសំប៉ាញ វីស្គី ... ជាដើមហេតុនៃមានជំងឺថ្លើមរ៉ាំរ៉ៃ រួចឈានទៅរកជំងឺក្រិនថ្លើម។ ជំងឺក្រិនថ្លើមបង្កើនគ្រោះកើតជំងឺមហារីកថ្លើមខ្លាំងណាស់ ។ នៅ ឆ្នាំ២០២២ ១៩%នៃជំងឺមហារីកថ្លើមបណ្តាលមកពីសុរា។ គ្រប់គ្នាបានដឹងអំពីគ្រោះថ្នាក់នៃអាល់កុល ឬសុរាចំពោះថ្លើម។ ប៉ុន្តែកត្តាមួយទៀតដែលមិនសូវសុះសាយក្នុងចំណោមមតិសាធារណៈ តែដើរតួនាទីសំខាន់នាំឱ្យមានជំងឺមហារីកថ្លើមខ្លាំងដែរនោះ គឺជំងឺMasld ឬNash។
លោក Hashem El-Serag សហនិពន្ធរបាយការណ៍ បានពន្យល់ប្រាប់អ្នកសារព័ត៌មានអាមេរិកថា នៅពេលអ្នកនិយាយអំពីជំងឺក្រិនថ្លើម មនុស្សភាគច្រើនគិតភ្លាមថាអ្នកជំងឺនោះធ្លាប់ផឹកច្រើន។ តែមានមនុស្សតិចតួចណាស់ បានដឹងអំពីថាជំងឺបណ្តាលមកពីដំណើរមិនប្រក្រតីនៃប្រព័ន្ធមេតាបូលិក Masld អាចនាំឱ្យមានជំងឺក្រិនថ្លើម និងជំងឺមហារីកថ្លើមនោះ។
តើអ្វីទៅជាជំងឺ Masld?
Masld ជាជំងឺថ្លើមដែលមិនបណ្តាលមកពីការផឹកសុរា តែជាអាការៈជំងឺដែលសម្គាល់ដោយការកកក្តាំងដោយខ្លាញ់រុំរួតថ្លើមជិត។ ហេតុដូច្នេះហើយបានជាជំងឺនេះមានឈ្មោះសាមញ្ញមួយទៀត ថាជំងឺថ្លើមខ្លាញ់។ មួយភាគបីនៃមនុស្សធំពេញវ័យ នៅលើពិភពលោកមានជំងឺខ្លាញ់រុំថ្លើម ឬថ្លើមខ្លាញ់នេះ។ នេះបើតាមលទ្ធផលនៃការសិក្សាអន្តរជាតិដែលបញ្ជាក់ថា ជំងឺថ្លើមខ្លាញ់កំពុងមាននិន្នាការកើនឡើងខ្លាំងដែរ នៅអឺរ៉ុប និងនៅទ្វីបអាមេរិកខាងជើង។ អ្នកជំនាញ បានអះអាងថា អត្រាភាគរយនៃជំងឺថ្លើមខ្លាញ់ នឹងបន្តកើនឡើងនៅទូទាំងពិភពលោក ដោយហេតុតែមនុស្សប្តូរផ្លាស់របៀបរបបរស់នៅ។ ជំងឺខ្លាញ់រុំថ្លើម កំពុងក្លាយជាកត្តាស្នូលនៃការរាតត្បាតរបស់ជំងឺមហារីកថ្លើម ដោយហេតុតែពិភពលោកមានមនុស្សកើតរោគធាត់ចុកខ្លាញ់ និងជំងឺទឹកនោមផ្អែមកាន់តែច្រើនឡើងៗ ព្រមទាំងភាពចាស់ជរារបស់ប្រជាពលរដ្ឋ។
នៅឆ្នាំ២០៥០ មួយភាគដប់នៃជំងឺមហារីកថ្លើមនឹងបណ្តាលមកពីជំងឺខ្លាញ់រុំថ្លើម។ ដោយលម្អិត មហារីកថ្លើមបណ្តាលមកពីជំងឺខ្លាញ់ថ្លើម...
Duration:00:08:57
ផលប៉ះពាល់នៃសង្គ្រាមទៅលើសុខភាពផ្លូវចិត្ត
7/30/2025
ក្នុងអំឡុងសង្គ្រាមនៅអាហ្វហ្កានីស្ថាន មានករណីទាហានអាមេរិកសម្លាប់ខ្លួន ជាមធ្យមម្នាក់ក្នុងមួយថ្ងៃ នៅឆ្នាំ២០១២។ នៅអ៊ីស្រាអែល មានទាហានច្រើននាក់ណាស់ ជួបវិបត្តិផ្លូវចិត្ត និងយ៉ាងហោច៤២នាក់បានធ្វើអត្តឃាត គិតចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងនៅហ្កាហ្សា ដោយមានជំងឺបាក់ស្បាត។ តើអ្វីទៅជាជំងឺបាក់ស្បាត?
ក្នុងមួយឆ្នាំៗ មានមនុស្សរាប់លាននាក់បានជួបស្ថានភាពអាក្រក់បន្ទាន់ ដូចយ៉ាងជម្លោះប្រដាប់អាវុធ និងមហន្តរាយធម្មជាតិ។ វិបត្តិទាំងនេះ ប៉ះពាល់ខ្លាំងណាស់ដល់ជីវិតគ្រួសារ ដោយធ្វើឱ្យមានការព្រាត់ប្រាស ដោយធ្វើឱ្យបាត់បង់ជីវិត បាត់បង់មធ្យោបាយនិងសេវាចាំបាច់សម្រាប់ជីវិត ព្រមទាំងបង្កផលវិបាកដល់សុខភាពផ្លូវចិត្តដែលមិនគួរមើលរំលងទេ។
អ្នកឆ្លងកាត់សង្គ្រាម ជម្លោះប្រដាប់អាវុធ ឬគ្រោះមហន្តរាយធំៗ តែងដិតដាមដោយអារម្មណ៍មិនល្អ ខ្វល់ខ្វាយអោបទុក្ខកង្វល់ ហើយនឹងរំសាយទៅវិញបន្តិចម្តងៗទៅតាមពេលវេលា និងភាពប្រសើរឡើងនៃស្ថានការណ៍។ តែមួយភាគតូច បានធ្លាក់ខ្លួនមានវិបត្តិសុខភាពផ្លូវចិត្តតែម្តង ក្នុងទម្រង់ជាជំងឺបាក់ទឹកចិត្ត ឬជំងឺបាក់ស្បាត Trouble de Stress post Traumatique(TSPT) ជាភាសាបារាំង ឬជាភាសាអង់គ្លេស Post traumatic stress disorder (PTSD)។
បើតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក ក្នុងចំណោមអ្នកឆ្លងកាត់សង្គ្រាម និងជម្លោះក្នុងរយៈពេលប៉ុន្មានឆ្នាំ១០ឆ្នាំចុងក្រោយនេះ ៥នាក់ មានម្នាក់ធ្លាក់ខ្លួនមានជំងឺថប់បារម្ភ បាក់ទឹកចិត្ត បាក់ស្បាត វិបត្តិបាយប៉ូឡា ឬជំងឺវិកលចរិក។ អង្គការសុខភាពពិភពលោកបានសម្គាល់ឃើញទៀតថា ប្រជាពលរដ្ឋរស់លើផែនដីប្រមាណ៧០% តែងបានជួបហេតុការណ៍ដែលនាំឱ្យមានភាពតក់ស្លុត យ៉ាងហោចណាស់ក៏ម្តងក្នុងមួយជីវិតរបស់ខ្លួន។ ប៉ុន្តែការធ្លាក់ខ្លួនឈឺ កើតជារោគចិត្ត រហូតក្លាយជាជំងឺបាក់ស្បាត ជាករណីភាគតិច ក្នុងចំនួនប្រមាណតែ៥,៦%ប៉ុណ្ណោះ។ ជាសរុប ៣,៩%នៃប្រជាជននៅលើពិភពលោកបច្ចុប្បន្ន មានបាក់ស្បាត។ នេះបើតាមរបាយការណ៍អង្គការសុខភាពពិភពលោកដដែល ដោយលម្អិតថា ការធ្លាក់ខ្លួនមានវិបត្តិបាក់ស្បាត អាស្រ័យទៅលើប្រភេទព្រឹត្តិការណ៍ដែលគេបានឆ្លងកាត់។ បើជាជម្លោះហិង្សាឬសង្គ្រាម នោះប្រូបាប៊ីលីតេធ្លាក់ខ្លួនមានជំងឺបាក់ស្បាត កើនឡើងខ្ពស់ដល់ទៅបីដង និងខ្ពស់ខ្លាំងមែនទែន ចំពោះជនរងគ្រោះអំពើហិង្សារំលោភបំពានផ្លូវភេទ។
ថ្វីបើស្ត្រីងាយរងគ្រោះធ្លាក់បាក់ស្បាតជាងបុរស។ ទាហានធ្លាប់ប្រឡូកក្នុងសមរភូមិសង្គ្រាម ក៏ប្រឈមខ្លាំងនឹងគ្រោះមានវិបត្តិផ្លូវចិត្ត និងជំងឺបាក់ស្បាតដែរ នៅពេលត្រលប់មកវិញ។ ជាឧទាហរណ៍ជាក់ស្តែង នៅប្រទេសអ៊ីស្រាអែល បើតាមប្រព័ន្ធផ្សព្វផ្សាយជាតិបារាំង តាំងពីផ្ទុះសង្គ្រាមនៅហ្កាហ្សាមក មានទាហានអ៊ីស្រាអែលយ៉ាងហោច៤២នាក់ បានធ្វើអត្តឃាត ដោយមានជំងឺផ្លូវចិត្ត ស្លុត បាក់ស្បាត។ ក្នុងពេលកំពុងធ្វើសង្គ្រាមនៅអាហ្វហ្កានីស្ថាន មានទាហានអាមេរិកសម្លាប់ខ្លួនស្ទើរជារៀងរាល់ថ្ងៃ (ជាមធ្យមម្នាក់ក្នុងមួយថ្ងៃ)នៅឆ្នាំ២០១២ ។ ទាហានអាមេរិកមានបញ្ហាផ្លូវចិត្ត ដែលបានបញ្ជូនត្រលប់មកស្រុកកំណើតវិញ មានចំនួនច្រើនជាងទាហានរងរបួសដល់ទៅពីរដងនៅគ្រានោះ។ អ្នកជំនាញសុខភាពបានយល់យ៉ាងច្បាស់អំពីផលប៉ះពាល់នៃសង្គ្រាមទៅលើសុខភាពផ្លូវចិត្តរបស់សាធារណជន ក៏ដូចជាទាហាន។
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Patrick Clervoy គ្រូពេទ្យឯកទេសចិត្តវិទ្យា នៅមន្ទីរពេទ្យយោធា ក្រុងទូឡុងប្រទេសបារាំង ៖ “សង្គ្រាមគឺជាអ្វីដែលធ្វើឱ្យឡើងស្ត្រេសខ្លាំងបំផុត ហើយជាការប្រឈមដ៏យូរនឹងស្ត្រេស ដែលផ្លូវចិត្តឬខួរក្បាលរបស់យើងពិបាកទ្រាំណាស់។ ខួរក្បាលមនុស្សម្នាក់ៗសុទ្ធតែមានកំរិតសមត្ថភាពរបស់ខ្លួន ក្នុងការយល់ដឹង វិភាគ ពិចារណា និងបញ្ចេញប្រតិកម្មល្អត្រឹមត្រូវ សមស្របទៅតាមកាល។ តែនៅពេលឡើងស្ត្រេសដល់កំរិតកំពូលណាមួយ ខួរក្បាលលែងមានអានុភាពគ្រប់គ្រងបាន ទើបលេចបញ្ហាផ្លូវចិត្តឡើង”។
តើអ្វីទៅជាជំងឺបាក់ស្បាត?
មានបញ្ហាផ្លូវចិត្ត ចេះតែភ័យខ្លាច តក់ស្លុត ក្រោយជួបហេតុការណ៍គួរឱ្យរន្ធត់តក់ស្លុតខ្លាំង ជាអាការៈធម្មតា។ មនុស្សទូទៅ តែងមានអារម្មណ៍ភ័យស្លុតខ្លាំង នៅពេលរងគ្រោះដោយផ្ទាល់ ឬជួបព្រឹត្តិការណ៍អាក្រក់គួរឱ្យតក់ស្លុតដោយផ្ទាល់ និងបន្តភ័យខ្លាចទៀតទោះហេតុការណ៍អាក្រក់ ដូចយ៉ាង សង្គ្រាម គ្រោះថ្នាក់ចរាចរណ៍ គ្រោះមហន្តរាយធម្មជាតិ ឬអំពើហិង្សាផ្លូវភេទ កន្លងផុតទៅក៏ដោយ។ សម្រាប់មនុស្សភាគច្រើន ភាពតក់ស្លុត...
Duration:00:07:44
ទទួលទានអាហារពេលល្ងាច កាន់តែឆាប់កាន់តែល្អសម្រាប់សុខភាព
7/24/2025
ជម្រើសម្ហូបអាហារមានសារៈសំខាន់ណាស់សម្រាប់សុខភាព។ ពេលម៉ោងទទួលទានអាហារក៏សំខាន់ដែរ។ តើអ្នកដឹងទេ ថាម៉ោងទទួលទានអាហារ អាចជះឥទ្ធិពលអាក្រក់ដល់សុខភាព? អ្នកវិទ្យាសាស្ត្រផ្តល់សេចក្តីបំភ្លឺថាហេតុអ្វីត្រូវឆាប់ទទួលទានអាហារល្ងាច។
មនុស្សភាគច្រើនប្រុងប្រយ័ត្នខ្លាំងណាស់នៅពេលហូបចុកម្តងៗ។ មិនហ៊ានហូបនេះ តមអាហារនោះ ឬសុខចិត្តអត់ផងក៏មាន ដើម្បីរក្សារាង និងក្នុងបំណងថែរក្សាសុខភាពឱ្យបានល្អ។ ការហូបចុកពិតជាសំខាន់មែនហើយ ប៉ុន្តែពេលម៉ោងទទួលទានអាហារក៏សំខាន់ខ្លាំងដែរ ជាពិសេសអាហារពេលល្ងាចតែម្តង។ លោកអ្នកប្រាកដជាធ្លាប់ឮសេចក្តីណែនាំរបស់គ្រូពេទ្យ កុំឱ្យទទួលទានអាហារច្រើននៅល្ងាច និង ឆាប់ទទួលទានអាហារពេលល្ងាច ហើយមែនទេ?
ហេតុអ្វីត្រូវឆាប់ទទួលទានអាហារពេលល្ងាច?
គុណប្រយោជន៍មួយក្នុងចំណោមគុណប្រយោជន៍ជាច្រើននៃការឆាប់ទទួលទានអាហារល្ងាច គឺជួយសម្រួលដំណេក នៅពេលយប់។ នៅពេលបរិភោគអាហារពេលល្ងាច យប់ខ្លាំងពេក អ្នកនឹងរុញពន្យឺតពេលម៉ោងចូលសំរាន្ត និងរារាំងយន្តការរំលាយអាហារ។ នៅពេលក្រពះកំពុងកិនរំលាយអាហារ ខ្លួនប្រាណនឹងឡើងកម្តៅ។ ការឡើងកម្តៅសីតុណ្ហភាព ជាកត្តាមួយនាំឱ្យរំខានដល់ដំណើរងោយងុយ។ ដើម្បីមានអារម្មណ៍ងុយគេង និងអាចសំរាន្តលក់ស្រួល សីតុណ្ហភាពខ្លួនប្រាណត្រូវចុះត្រជាក់ជាងពេលធម្មតាបន្តិច។
ម្យ៉ាងទៀត ប្រសិនបើអ្នកមានបញ្ហាក្រពះ ឧស្សាហ៍ភើ ច្រាលឡើងជាតិអាស៊ីតផង នោះអ្នកត្រូវតែទទួលទានអាហារល្ងាចឱ្យបានយ៉ាងហោចបីម៉ោងមុនចូលសំរាន្តទើបល្អ។ ការទទួលទានអាហារល្ងាចច្រើនពេក បូកផ្សំនឹងអាហារសម្បូរទៅដោយជាតិខ្លាញ់ច្រើនទៀត នោះក្រពះច្បាស់ជាត្រូវពេលវេលាច្រើនសម្រាប់រំលាយ។ គ្រោះហានិភ័យកើតរោគច្រាលទឹកអាស៊ីត នឹងកើនឡើង ព្រោះការទំរេតខ្លួនដេក ក្រោយបាយហើយភ្លាម ជាពិសេសបើដេកផ្អៀងទៅខាងស្តាំ ប្រៀបដូចជាផ្កាប់ក្រពះចាក់អាហារឱ្យចេញមកវិញ។ អ៊ីចឹងហើយបានជាមានអាការៈឡើងច្រាលអាស៊ីត និងរលាកក្រពះ។
ជាងនេះទៅទៀត បើតាមអ្នកស្រាវជ្រាវ ការឆាប់ទទួលទានអាហារពេលល្ងាច អាចជាឱកាសអត់អាហារបានយូរម៉ោង គ្រប់គ្រាន់ល្អសម្រាប់សុខភាព។ ការអត់អាហារ យ៉ាងហោច១២ម៉ោងជាប់គ្នា ឬច្រើនជាងនេះ អាចជះឥទ្ធិពលវិជ្ជមាន ដល់ប្រព័ន្ធមេតាបូលិក ជាពិសេសមេតាបូលិកខាងចាត់ចែងជាតិស្ករ និងសម្ពាធឈាម។ អត់អាហាររយៈពេលវែងជាអន្ទាក់ចងភ្ជាប់នាំទៅរកការជួយបញ្ចុះហានិភ័យនៃគ្រោះថ្នាក់សរសៃឈាមខួរក្បាល។
ទម្លាប់ល្អនេះអាចជួយកាត់បន្ថយគ្រោះកើតជំងឺសរសៃឈាមបេះដូងទៀត។ បើតាមការសិក្សាថ្មី ដឹកនាំដោយវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្របារាំង អ្នកដែលបរិភោគអាហារល្ងាចនៅក្រោយម៉ោង៩យប់ មានហានិភ័យកើតជំងឺសរសៃឈាមបេះដូង ២៨%លើសអ្នកដែលទទួលទានអាហារល្ងាចនៅមុនម៉ោង៨ល្ងាច។ ភាពខុសគ្នាមានកាន់តែច្បាស់ខ្លាំងសម្រាប់ស្ត្រីភេទ។ ឆាប់បាយល្ងាច ទំនងអាចចូលរួមចំណែកជួយគ្រប់គ្រងទម្ងន់មិនឱ្យឡើងគីឡូបានទៀតផង។
តើត្រូវទទួលទានអាហារល្ងាចនៅម៉ោងប៉ុន្មាន ដែលល្អបំផុតនោះ ?
សរីរាង្គកាយមនុស្សធ្វើសកម្មភាពបំប្លែងអាហារមិនដូចគ្នាទេ រវាងអាហារពេលព្រឹក ពេលថ្ងៃ និងពេលល្ងាច។ មានន័យថា អាហារមួយចានក្នុងបរិមាណនិងគុណភាពដូចគ្នា តែទទួលទានខុសពេលម៉ោងគ្នា ជាបាយថ្ងៃត្រង់និងបាយល្ងាច នឹងជះឥទ្ធិពលទៅលើសុខភាពខុសគ្នាស្រលះ ជាពិសេសការបំប្លែងជាតិស្ករ។ សកម្មភាពធ្វើមេតាបូលិករបស់សរីរាង្គកាយ មានសក្តិសិទ្ធភាព ធ្លាក់ចុះទៅតាមពេលវេលា។ ឧទាហរណ៍ ការចាត់ចែងបំប្លែងអត្រាជាតិស្ករក្នុងឈាម បានល្អ ប្រកបដោយប្រសិទ្ធភាពខ្លាំងនៅពេលព្រឹក ជាងនៅពេលល្ងាច និងជាងនៅពេលយប់ ដែលអរមូនមេឡាតូនីន ចាប់ផ្តើមចេញសាយភាព ពោលគឺយើងចាប់ផ្តើមងងុយគេង។ គ្មានការបំប្លែង គ្មានសកម្មភាពមេតាបូលិកត្រឹមត្រូវ ខ្លាញ់នឹងកកស្តុកក្នុងពោះ។ នេះបើតាមការសិក្សាដដែលដោយសង្កត់ធ្ងន់ថា ការបរិភោគអាហារនៅពេលយប់ជ្រៅពេកនឹងសម្រួលឱ្យមានសល់ជាតិខ្លាញ់ក្នុងឈាម ហើយធ្វើឱ្យឆាប់ឃ្លានទៀត។
នៅក្នុងអនុសាសន៍ ក្រុមអ្នកវិទ្យាសាស្ត្របានណែនាំឱ្យទទួលទានអាហារឱ្យបានមុនម៉ោង៨យប់ សម្រាប់ទម្លាប់របស់បណ្តាជនបារាំង ដែលចូលធ្វើការនៅម៉ោង៩-១០ព្រឹក។ ពេលម៉ោងបាយល្ងាចនេះអាចប្រែប្រួលទៅតាមប្រពៃណីទំនៀមទម្លាប់របស់ប្រទេសនីមួយដែរ។ តែគោលការណ៍មានតែមួយគឺ ប្រសិនបើអាច ត្រូវសម្របម៉ោងបាយល្ងាច ទៅនឹងពេលភ្ញាក់ ដើម្បីធ្វើយ៉ាងណាឱ្យរយៈពេលអត់អាហារ បានវែងបំផុតតាមតែអាចធ្វើទៅបាន...
Duration:00:08:51
ហេតុអ្វីបានគេចាត់ទុកគ្រាប់ស្វាយចន្ទីជាសម្ព័ន្ធមិត្តសុខភាព?
7/16/2025
មិនត្រឹមតែមានរសជាតិឆ្ងាញ់ជាប់មាត់ទេ គ្រាប់ស្វាយចន្ទីថែមទាំងជាអាហារគួរជាទីចាប់អារម្មណ៍ទៀត បើគិតតាមបែបអាហារូបត្ថម្ភ។ តើគ្រាប់ស្វាយចន្ទីផ្តល់អត្ថប្រយោជន៍យ៉ាងណាដល់សុខភាព? តើគេអាចទទួលទានគ្រាប់ស្វាយចន្ទីជារៀងរាល់ថ្ងៃ និងក្នុងបរិមាណប៉ុនណាដែរ?
ស្វាយចន្ទី មានដាំដុះច្រើននៅតំបន់ត្រូពិក តែច្រើនបំផុតនៅអាស៊ីនិងនៅអាហ្វ្រិក។ បច្ចុប្បន្ននេះ ប្រេស៊ីលជាប្រទេសជើងឯកពិភពលោកខាងផលិតគ្រាប់ស្វាយចន្ទី បន្ទាប់មកគឺឥណ្ឌា រួចវៀតណាម។
មានរូបរាងដូចតម្រងនោម មានរសជាតិខ្ទិះ និងផ្អែមជាងគ្រាប់សណ្តែកដីបន្តិច គេអាចបរិភោគគ្រាប់ស្វាយចន្ទី ឆ្អិន ដោយលីង ដោយកិនធ្វើជាប័រសម្រាប់បៀក ឬដោយយកទៅស្លធ្វើម្ហូបការី ឆាជាមួយបន្លែ ឆាជាមួយបាយ ឬសម្រាប់យកទៅធ្វើជានំ។
ជាប្រភេទផ្លែឈើមានសំបករឹង ដូចអាមិន ឬ ផ្លែខួរក្បាលដែរ គ្រាប់ស្វាយចន្ទីជាសម្ព័ន្ធមិត្តរបស់សុខភាព ព្រោះក្នុងគ្រាប់ចន្ទី មានផ្ទុកទៅដោយ ពពួកម៉ាក្រូ និងមីក្រូអាហារូបត្ថម្ភច្រើនមុខណាស់។ ដូច្នេះ ការទទួលទានគ្រាប់ស្វាយចន្ទី សមរម្យនឹងផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំងដល់សុខភាព។ មនុស្សភាគច្រើននឹងទទួលបាននូវគុណប្រយោជន៍ជាអតិបរិមា សម្រាប់ភាពរឹងមាំនៃសរីរាង្គកាយដោយជ្រើសរើសបរិភោគគ្រាប់ស្វាយចន្ទី។ សម្រាប់អ្នកខ្វល់ខ្វាយគិតគូរដល់ផាសុកភាព និងលំនឹងសុខភាព អ្នកគួរតែបញ្ចូលគ្រាប់ស្វាយចន្ទីក្នុងបញ្ជីឈ្មោះរបបអាហារត្រូវបរិភោគ។
តើគ្រាប់ស្វាយចន្ទីមានផ្ទុកជីវជាតិអ្វីខ្លះ?
គ្រាប់ស្វាយចន្ទីមានផ្ទុកជាតិខ្លាញ់ប្រមាណជិត៥០% ក្នុងនោះពាក់កណ្តាលជាអាស៊ីតខ្លាញ់មូណូអាំងសាទួរ៉េ ដែលមានឈ្មោះថា អូមេហ្កា៩។ អាស៊ីតខ្លាញ់ប្រភេទនេះល្អខ្លាំងណាស់សម្រាប់សុខភាព។ គ្រាប់ចន្ទីក៏សម្បូរជាតិប្រូតេអ៊ីត ក្នុងកំរិតប្រមាណ (១៥%)។ ជាសរុប គ្រាប់ស្វាយចន្ទី៣០ក្រាម ផ្តល់ថាមពល១៦០កាឡូរី តែដោយសារមានជាតិប្រូតេអ៊ីន និងអាស៊ីតខ្លាញ់ច្រើន បរិមាណ នេះអាចធ្វើឱ្យយើងឆាប់ឆ្អែត និងបាត់ឃ្លានបានយូរ។ ជាងនេះទៅទៀត ទទួលទានគ្រាប់ស្វាយចន្ទីត្រឹមតែ៣០ក្រាម អាចឆ្លើយតបទៅនឹងសេចក្តីត្រូវការប្រចាំថ្ងៃផ្នែកកម៉ាញេស្យូម បានដល់ទៅ២០%ហើយ។
នៅមានសារធាតុរ៉ែសំខាន់ៗជាច្រើនទៀត ដែលកប់ក្នុងគ្រាប់ស្វាយចន្ទី ដូចជារ៉ែដែក រ៉ែម៉ង់ហ្កាណែស្ស ស៊ីឡេនីញ៉ូម ឬរ៉ែសង្កសី ។ល។ និង។ល។ សរីរាង្គកាយមនុស្ស ត្រូវការសារធាតុរ៉ែ តែបន្តិចបន្តួចទេ ប៉ុន្តែបើខ្វះគឺមិនបានឡើយ។ សារធាតុរ៉ែ មានតួនាទីចាំបាច់សម្រាប់ដំណើរវិវឌ្ឍនៃរចនាសម្ព័ន្ធឆ្អឹង ប្រព័ន្ធប្រសាទ សាច់ដុំ និងថាមពល។ ជាប្រភពផ្តល់វីតាមីន E-B-K ជាចុងក្រោយ គ្រាប់ស្វាយចន្ទី ក៏ជាប្រភេទអាហារដែលសម្បូរជាតិសរសៃ ជាពិសេសជាជាតិសរសៃងាយរលាយទៅទៀត។ ជាតិសរសៃងាយរលាយជួយសម្រួលប្រព័ន្ធរំលាយបានច្រើនខ្លាំងណាស់។
តើគ្រាប់ស្វាយចន្ទីមានគុណប្រយោជន៍យ៉ាងណា សម្រាប់សុខភាព?
តាមរយៈជីវជាតិដែលមាន គ្រាប់ស្វាយចន្ទីអាចផ្តល់គុណប្រយោជន៍ច្រើនណាស់ដល់សុខភាព។ ទីមួយ គ្រាប់ស្វាយចន្ទីអាចជួយកាត់បន្ថយគ្រោះហានិភ័យនៃការកើតជំងឺរឹងសរសៃឈាម។ ដោយមានផ្ទុកច្រើននូវសារធាតុfolate និងវីតាមីន E គ្រាប់ស្វាយចន្ទីអាចជួយការពារនិងថែរក្សាសរសៃឈាមមិនឱ្យមានកកស្ទះ មិនឱ្យរួមតូចបាន។ ការសិក្សាកាលពីឆ្នាំ២០១៩ បានបង្ហាញថា ការបរិភោគគ្រាប់ស្វាយចន្ទីជាប្រចាំ ជារៀងរាល់ថ្ងៃ មានចំណែកជួយរក្សាអត្រាជាតិខ្លាញ់ក្នុងឈាម (កូឡេស្តេរ៉ូល) របស់មនុស្សទូទៅ និងរបស់អ្នកជំងឺទឹកនោមផ្អែមប្រភេទទីពីរ ឱ្យមានលំនឹងល្អ។ នេះក៏ព្រោះតែគ្រាប់ស្វាយចន្ទី មានផ្ទុកអាស៊ីតខ្លាញ់មិនឆ្អែត។ អាស៊ីតខ្លាញ់មិនឆ្អែត ឬអូមេហ្កា៩ ត្រូវបានគេទទួលស្គាល់ថាជាខ្លាញ់ល្អដែលមានតួនាទីចាត់ចែងអត្រាជាតិខ្លាញ់ក្នុងឈាម ដោយជួយបង្កើនអត្រាកូឡេស្តេរ៉ូលល្អ ហើយបញ្ចុះកូឡេស្តេរ៉ូលមិនល្អ។ ដើម្បីគ្រប់គ្រងកូឡេស្តេរ៉ូល គ្រូពេទ្យតែងផ្តល់អនុសាសន៍ឱ្យជ្រើសរើសទទួលទានអាហារមានផ្ទុកជាតិខ្លាញ់ប្រភេទអាស៊ីតខ្លាញ់ម៉ូណូអាំងសាទួរ៉េ (អូមេហ្កា៩) និងប៉ូលីអាំងសាទួរ៉េ (អូមេហ្កា៣-៦) និងកាត់បន្ថយអាហារមានផ្ទុកអាស៊ីតខ្លាញ់ឆ្អែត។ អត្រាកូឡេស្តេរ៉ូលមានលំនឹងនឹងជួយកាត់បន្ថយគ្រោះហានិភ័យនៃជំងឺសរសៃឈាមបេះដូង។
គ្រាប់ស្វាយចន្ទីអាចជួយឱ្យមានអាយុវែង និងការពារកោសិកាមិនឱ្យឆាប់ចាស់។ សរីរាង្គកាយមនុស្សតែងផលិតកោសិកាសេរី។ បរិស្ថានពុល កាំរស្មីUVរបស់ព្រះអាទិត្យ ឬស្ត្រេស ជួយជំរុញឱ្យមានកោសិកាសេរីច្រើន។ វត្តមាននៃកោសិកាសេរីកាន់តែច្រើន សរីរាង្គកាយមនុស្សកាន់តែងាយឆាប់ទ្រុឌទ្រោម...
Duration:00:08:31
ខោទ្រនាប់អាចបង្អាក់សមត្ថភាពបន្តពូជបុរស?
7/10/2025
ជម្រើសស្លៀកខោទ្រនាប់មិនមែនត្រឹមតែសម្រាប់បិទបាំង ឬលម្អរាងកាយទេ តែអាចមានឥទ្ធិពលដល់សុខភាពបន្តពូជទៀត។ ការសិក្សាជាច្រើន បានបង្ហាញថា ខោទ្រនាប់រឹតតឹងខ្លាំង អាចរំខានដល់ជីវិតបន្តពូជរបស់បុរស ព្រោះភាពហប់ក្តៅបានធ្វើឱ្យបរិមាណនិងគុណភាពនៃមេជីវិតបុរស (ស្ពែម៉ាតូហ្សូអ៊ីត) ធ្លាក់ចុះ ទើបពួកគាត់ពិបាកមានកូន។
តើអស់លោក ចូលចិត្តស្លៀកខោទ្រនាប់ ក្នុងទម្រង់ជាស្លីប ជាខោក្តោបខ្លាំង ជាBoxer ជាខោខ្លីរលុងបែបចាស់បុរាណខ្មែរ? ខោទ្រនាប់ មិនមែនគ្រាន់តែជាគ្រឿងលម្អ សម្រាប់បិទបាំងកេរ្ត៍ខ្មាសទេ តែការជ្រើសរើសខោទ្រនាប់ក៏មានពាក់ព័ន្ធដល់បញ្ហាសុខភាពដែរ។ នៅប៉ុន្មានឆ្នាំចុងក្រោយមកនេះ ការសិក្សាជាច្រើនបានលើកឡើងថា ខោទ្រនាប់បុរសដែលរឹតតឹងខ្លាំង អាចធ្វើឱ្យបុរសពិបាកមានកូន ព្រោះមេជីវិតបុរសនឹងធ្លាក់ចុះ ប្រសិនបើប្រដាប់ភេទបុរសរងកម្តៅខ្លាំង រយៈពេលយូរពេក។ អ្នកស្រាវជ្រាវបានសម្គាល់ឃើញទៀតថា បុរសខ្លះ បាត់បង់សមត្ថភាពបង្កកំណើត មិនអាចមានកូនបាន ដោយហេតុតែធ្វើការនៅកន្លែងដែលប្រឈមនឹងភាពក្តៅខ្លាំងដល់ពងស្វាស ដូចជាធ្វើការនៅក្នុងហាងឬឡធ្វើនំប៉័ង ឬអ្នកបើកឡាន ដែលត្រូវអង្គុយយូរ នាំឱ្យក្តៅដល់ប្រដាប់ភេទ។
ការងាររបស់ក្រុមគ្រូពេទ្យ ស្រាវជ្រាវរកវិធីពន្យារកំណើតបុរស ដោយវិធីស្លៀកខោស្លីបក្តៅ ក៏ហុចលទ្ធផលដូចគ្នា។ ដើម្បីបង្អាក់ដំណើរលូតលាស់របស់ស្ពែម៉ាតូហ្សូអ៊ីត បុរសចង់ពន្យារកំណើតត្រូវស្លៀកខោស្លីបរឹតក្តោបកម្តៅលិង្គរយៈពេលយ៉ាងហោច១៥ម៉ោងក្នុងមួយថ្ងៃ និងជាប់គ្នារយៈពេលបីខែ។ គេត្រូវការរង់ចាំដល់បីខែ ទើបវិធីពន្យារកំណើតដោយស្លៀកខោរឹបចាប់មានប្រសិទ្ធភាពព្រោះដំណើរការលូតលាស់របស់ស្ពែម៉ាតូហ្សូអ៊ីតស៊ីពេលបីខែ។ មានឈ្មោះថា ជាពិធីពន្យារកំណើតដោយកម្តៅ ខោស្លីបក្តៅនេះកំពុងស្ថិតនៅក្នុងដំណាក់កាលសិក្សានៅឡើយ និងមិនទាន់ត្រូវបានអាជ្ញាធរសុខាភិបាលបារាំងទទួលស្គាល់នៅឡើយទេ។ ខោស្លីបក្តៅនេះ ក៏ពុំមានដាក់លក់នៅទីផ្សារទេ។ បើលោកអ្នកចង់សាកល្បង ត្រូវវាស់កាត់ដោយខ្លួនឯង ដោយត្រូវធ្វើយ៉ាងណាឱ្យខោ ត្រូវខ្លំរឹតពងបន្តិច ដើម្បីបន្ថប់កម្តៅឱ្យឡើងដល់៣៧អង្សានៅម្តុំប្រដាប់ភេទ។ ៣៧អង្សាជាកំរិតសីតុណ្ហភាពក្តៅអាចបញ្ឈប់ការផលិតស្ពែម៉ាតូហ្សូអ៊ីតបាន។ ក្នុងពេលធម្មតា ពងស្វាសត្រជាក់ជាងផ្នែកផ្សេងនៃសរីរាង្គកាយ (៣៥អង្សា)។ អ៊ីចឹងហើយជាធម្មជាតិបង្កើតសត្វលោកមកដោយដាក់ពងស្វាសនៅផ្នែកខាងក្រៅនៃសពាង្គកាយ។
មានន័យថា នៅពេលពងស្វាស ឬប្រដាប់ភេទបុរស ត្រូវរឹបញុកជាប់ណែននឹងខ្លួន ដោយខោស្លីបរឹតរួត ដែលធ្វើឱ្យហប់ឡើងក្តៅ ការផលិតមេជីវិតត្រូវរងការរំខាន។ ការផលិតមេជីវិតស្ពែម៉ាតូហ្សូអ៊ីត ទាមទារឱ្យតំបន់កេរ្ត៍ខ្មាសនេះមានសីតុណ្ហភាពទាបជាងរាងកាយទាំងមូល ប្រមាណពី៣ទៅ៤អង្សា។
នៅក្នុងការសិក្សាប្រៀបធៀបកំរិតបរិមាណស្ពែម៉ាតូហ្សូអ៊ីតរបស់បុរសស្លៀកខោស្លីបតឹង និងខោស្លីបរលុង បានឆ្លុះបញ្ចាំងឱ្យឃើញថា ខោរឹបតឹងជាប់ខ្លួន ពិតជាបានបន្ថយផលិតកម្មស្ពែម៉ាហ្សូអ៊ីតមែន។ ប្រសិនបើបុរសមានបរិមាណស្ពែម៉ាហ្សូអ៊ីតធម្មតា ការចុះថយផលិតកម្មមេជីវិតឈ្មោលដោយការស្លៀករឹប មិនសូវប៉ះពាល់ដល់ការបង្កពូជទេ។ ប៉ុន្តែបើបុរសនោះមានស្ពែម៉ាតូហ្សូអ៊ីតតិចស្រាប់ ការចុះថយតែបន្តិចនឹងធ្វើឱ្យពួកគេពិបាកមានកូនហើយ។
កម្តៅពិតជាអាចសម្លាប់ស្ពែម៉ាតូហ្ស៊ីត?
តាមការពិតទៅនោះ កំរិតសមត្ថភាពបន្តពូជរបស់បុរសបានធ្លាក់ចុះជាលំដាប់ តាំងពីប៉ុន្មានឆ្នាំចុងក្រោយមកនេះ។ អត្រាស្ពែម៉ាតូហ្សូអ៊ីតសកម្មបានថយដោយឯកឯងមិនដឹងថាមកពីហេតុអ្វី។ មូលហេតុអាចមានច្រើន តែដើមហេតុដំបូងនិងចម្បងគេមួយ ជាកត្តាសម្លៀកបំពាក់ ដែលតឹងរឹតខ្លួនខ្លាំងពេក។ ហើយមិនមែនសម្ពាធនៃការរឹតរួត កៀបតឹងរបស់ខោទ្រនាប់ទេដែលជាបញ្ហាធ្វើបុរសពិបាកមានកូននោះ គឺភាពក្តៅបង្កឡើងដោយសម្លៀកបំពាក់រឹតរួតតឹងបានទៅដំឡើងសីតុណ្ហភាពតំបន់បន្តពូជរបស់បុរស។ ធម្មជាតិបង្កើតមនុស្សដោយដាក់ពងឱ្យនៅក្រោម និងក្រៅសពាង្គកាយមិនមែនជាចៃដន្យទេ។ ការឡើងកម្តៅតែបន្តិច អាចជះឥទ្ធិពលនិងផលវិបាកធំដល់សមត្ថភាពបន្តពូជរបស់បុរស។ មានន័យថា ក្តៅអាចសម្លាប់មេជីវិតស្ពែម៉ាតូហ្សូអ៊ីតឬ? ពិតជាអាច។ បណ្តោយឱ្យប្រដាប់ភេទត្រូវក្តៅ ឬស្ថិតក្នុងសភាពក្តៅជ្រុល នឹងធ្វើឱ្យស្ពែម៉ាតូហ្សូអ៊ីតមានអាយុខ្លីនិងមានចំនួនតិច។
បាតុភូតអសមត្ថភាពបុរស ក្នុងបង្កកំណើតកូន...
Duration:00:07:36
ហេតុអ្វីឪពុកម្តាយត្រូវនិយាយជាមួយទារកឱ្យបានច្រើនតាំងពីកើតមកភ្លាម?
7/2/2025
រៀននិយាយ រៀនដើរ រៀនបរិភោគ រៀនស្លៀកពាក់ខ្លួនឯង រៀនលេង ... ទាំងអស់នេះជាដំណាក់កាលដ៏សំខាន់នៃការលូតលាស់ធំធាត់របស់ក្មេង។ ការនិយាយប្រាស្រ័យទាក់ទងជាមួយទារកតាំងពីកើតមកភ្លាម ចាំបាច់ខ្លាំងណាស់ ក្នុងដំណើរចម្រើនវ័យវឌ្ឍនាការរបស់ក្មេង បើទោះបីជាក្មេងមិនទាន់ចេះនិយាយតបវិញក៏ដោយ។ និយាយច្រើនជាមួយទារកតាំងពីកើតមកភ្លាម បង្កើនសំណាងកូនទ្វេដងនាពេលអនាគត។ នេះបើតាមការសិក្សារបស់អ្នកស្រាវជ្រាវអាមេរិក។ ហេតុអ្វី? តើការនិយាយរកទារកផ្តល់ប្រយោជន៍យ៉ាងណា?
និយាយជាមួយកូនតាំងពីនៅក្នុងពោះ និងតាំងពីទារកទើបកើតមកភ្លាមនៅមិនទាន់ចេះនិយាយជាកាយវិការគួរឱ្យអស់សំណើចណាស់សម្រាប់មនុស្សធំ ប៉ុន្តែសំខាន់ខ្លាំងណាស់សម្រាប់កូនរបស់អ្នក។ ការនិយាយជាមួយទារក មានចំណែកដ៏ធំក្នុងការជួយកូនឱ្យចាប់ផ្តើមជីវិតក្នុងលក្ខខណ្ឌដ៏ល្អបំផុតមួយ។ បើតាមវេជ្ជបណ្ឌិត Marina Kalashnikova អ្នកស្រាវជ្រាវផ្នែកភាសាទារក “ការនិយាយជាមួយទារកគឺជាភាសាដ៏សំខាន់ជាងគេបំផុតនៅលើភពផែនដី” ព្រោះក្នុងរយៈពេល១ពាន់ថ្ងៃដំបូងនៃជីវិត ខួរក្បាលរបស់ទារកលូតលាស់មហាសែនលឿន ដោយគ្មានល្បឿនអ្វីមកប្រៀបបានឡើយ។ ក្មេងអាយុពីរឆ្នាំ មានប្រព័ន្ធប្រសាទប្រទាក់គ្នាលឿនជាងមនុស្សធំពេញវ័យដល់ទៅពីរដងឯណោះ។
ហេតុអ្វីត្រូវនិយាយច្រើនជាមួយទារក?
និយាយជាមួយទារកមិនមែនត្រឹមតែជាការបញ្ចេញបញ្ជោពាក្យសំដីល្អពិរោះៗ និងគួរឱ្យអស់សំណើចដាក់កូនទេ តែជាការបង្ហាត់បង្រៀនកូនឱ្យចេះច្រើនយ៉ាងណាស់ និងការជំនួយដ៏ប្រពៃក្នុងការបង្កើនសមត្ថភាពភាសារបស់ទារក។ នេះជាប្រសាសន៍របស់អ្នកស្រីវេជ្ជបណ្ឌិត Marina Kalashnikova ដដែល ដោយពន្យល់ថា នៅពេលអ្នកជាឪពុកម្តាយនិយាយទៅកាន់កូនតូចៗ អ្នកមិនត្រឹមតែប្រើភាសាមនុស្សទេ តែអ្នកនិយាយពាក្យដដែលៗ និយាយមួយៗយឺតៗ ហើយមាននិន្នាការនិយាយបែបស្រទន់ ដោយបញ្ចេញទឹកមុខខុសពីនិយាយជាមួយមនុស្សធំ ដោយបញ្ចេញទឹកមុខ ធ្វើមុខធ្វើមាត់ ដូចជាបើកមាត់ធំៗ បំប៉ោងចិញ្ចើម ញញឹមញញែម ... ដូច្នេះទារកបានឮសំឡេង ហើយបានឃើញទៀត។ និយាយជាមួយទារក ជាការបង្ហាត់ក្មេងឱ្យចេះផ្ចង់អារម្មណ៍ស្តាប់។ នៅពេលឮសំឡេង ទារកនឹងផ្ទៀងស្តាប់ និងផ្ចង់ត្រចៀកស្តាប់។
មុននឹងចេះនិយាយ ទារកចេះស្តាប់តាំងពីនៅក្នុងពោះ និងចេះប្រាស្រ័យទាក់ទងជាមួយមនុស្សធំ តាមរយៈការបញ្ចេញសំឡេងកេកឺ រួចបញ្ចេញសំឡេងកាន់តែមានទ្រង់ទ្រាយច្បាស់លាស់ឡើងៗ។ ក្មេងតូចអាចបញ្ចេញសំឡេង និងចេះនិយាយបាន ដោយសារតែពួកគេបានស្តាប់សំដីរបស់មនុស្សធំ និងមានអន្តរកម្ម ទៅវិញទៅមកជាមួយយើង។ ដូច្នេះការនិយាយជាមួយទារក គឺជាវិធីសាស្ត្រដ៏ប្រពៃបំផុតក្នុងការជួយអមដំណើរលូតលាស់របស់កូន។
ដំណើរលូតលាស់នៃភាសាទារក
ការលូតលាស់ធំធាត់របស់ក្មេងមិនដូចគ្នាទេ។ ការវិវឌ្ឍន៍ផ្នែកភាសានិយាយក៏ខុសគ្នាពីទារកម្នាក់ទៅទារកម្នាក់ដែរ។ ជាទូទៅ ក្មេងចាប់ផ្តើមចេះនិយាយ នៅពេលចូលដល់អាយុចាប់ពី២ទៅបីឆ្នាំ។ ប៉ុន្តែទារក ឬក្មេងតូចៗនេះ ចេះទាក់ទង និងចេះប្រើភាសារបស់គេ តាំងពីយូរមកហើយ។
បន្ទាប់មក និងជារៀងរាល់ថ្ងៃ រាល់ខែ ភាសានិយាយរបស់ក្មេងកាន់តែរីកចម្រើនជាលំដាប់។ មានវគ្គមានស្នើ មានឃ្លាខ្លីៗ រួចចាប់ផ្តើមចេះនិយាយត្រឹមត្រូវ ដឹងថាខ្លួនចង់និយាយអី ទៅកាន់នរណា និងយ៉ាងដូចម្តេច។ ការនិយាយឆ្លងឆ្លើយជាមួយមនុស្សធំកាន់តែស្រួល និងរលូនឡើងៗ។
ដើម្បីសម្រេចការលូតលាស់ផ្នែកភាសានិយាយនេះបានល្អ ទារកត្រូវការឮ។ បើអ្នកមានអារម្មណ៍ថាទារកមិនឮល្អ មិនបញ្ចេញប្រតិកម្មនឹងសំឡេង សូមរូតរះរកពេទ្យដើម្បីវិភាគថារកបញ្ហា ដែលអាចជាអាការៈថ្លង់ ឬគ។ តាមក្បួននិងជាទូទៅ ទារករៀននិយាយ ដោយមិនបាច់ប្រឹងនិងដោយធម្មជាតិ នៅពេលមានការផ្តោះប្តូរសំដី ជាមួយមនុស្សធំ នៅពេលបានឮមនុស្សធំនិយាយរក។ ជាការនិយាយរកដោយចំពោះ ដោយឃ្លាត្រឹមត្រូវ ដែលឆ្លើយតប និងប្រទាក់ប្រទងឆ្លើយឆ្លងជាមួយញាណរបស់ទារក។
សូមនិយាយជាមួយកូន តាំងពីគ្នាមិនទាន់ចេះនិយាយ ទើបល្អ ទើបអាចផ្តល់ចំណង់ឱ្យគ្នាចង់ឆ្លងឆ្លើយមកវិញ។ ពាក្យនិយាយរបស់មនុស្សចាស់ មានន័យសម្រាប់ទារកណាស់ ព្រោះវាមានអមដោយរលកសំឡេង ក្រសែភ្នែក និងកាយវិការ។ តាមរយៈពាក្យពេជន៍សំដីនិយាយទៅកាន់ទារកនេះឯង ដែលទារកអាចមានលទ្ធភាពបន្លឺពាក្យ និងធ្វើឃ្លាបានតាម នៅពេលចម្រើនវ័យ។ ជាងនេះទៅទៀត ពេលបាននិយាយឆ្លងឆ្លើយ ប្រលែងលេងជាមួយទារក ជាវេលាប្រកបដោយអារម្មណ៍ល្អ...
Duration:00:09:58
តើត្រូវសម្អាតជាតិគីមីពុលក្នុងអាហារយ៉ាងដូចម្តេច?
6/25/2025
អាហារ បន្លែផ្លែឈើ ដែលមានជាតិគីមី កំពុងក្លាយជាកង្វល់របស់មនុស្សទូទៅណាស់ រហូតខ្លះសម្រេចចិត្តមិនបរិភោគតែម្តង បើមិនដឹងប្រភពនៃបន្លែផ្លែឈើនោះច្បាស់លាស់។ ចុះបើអង្ករក៏មានជាតិគីមីដែរ តើយើងនឹងឈប់បរិភោគបាយឬយ៉ាងណា? បើតាមការសិក្សាទើបចេញថ្មី អង្ករក៏មានផ្ទុកជាតិគីមីដែរ នាពេលបច្ចុប្បន្ននេះ។ បើដូច្នេះមែន តើវាអាចបង្កហានិភ័យដល់សុខភាពយ៉ាងណា បើខ្មែរយើងបរិភោគបាយជារៀងរាល់ថ្ងៃនោះ?
ជាតិពុលគីមី ក្នុងអាហារ ក្នុងបន្លែផ្លែឈើ ជាអ្វីដែលប្រជាពលរដ្ឋខ្មែរទូទៅខ្លាចរអារ រហូតខ្លះលែងហ៊ានទទួលទាន បើទោះបីជាដឹងថាបន្លែផ្លែឈើមានគុណប្រយោជន៍ធំធេងខ្លាំងសម្រាប់សុខភាពក៏ដោយ។ ចំណែកឯអង្ករសម្រាប់ដាំបាយដែលជាអាហារគ្រឹះរបស់បណ្តាជនជាច្រើនណាស់នៅលើពិភពលោក ក៏មិនបរិសុទ្ធប៉ុន្មានឡើយ។ បើតាមការសិក្សាថ្មីចុងក្រោយបានបង្ហាញថា អង្ករភាគច្រើន មានផ្ទុកទៅសារធាតុគីមីពុលច្រើនប្រភេទណាស់ មានតាំងពីពពួកថ្នាំសម្លាប់សត្វល្អិត ថ្នាំគីមី និងពពួករ៉ែធ្ងន់ ជាពិសេសជាតិគីមី Arsenic។
ករណីរ៉ែធ្ងន់ ប្រភេទArsenic មានឆ្លងទៅក្នុងអង្ករ មិនមែនជាបញ្ហាថ្មីថ្មោងទេ។ គេបានដឹង និងរកឃើញវត្តមានរ៉ែArsenicក្នុងអង្ករតាំងពីយូរមកហើយ ប៉ុន្តែបរិមាណជាតិរ៉ែពុលArsenicនេះ មានកំណើនកាន់តែច្រើនឡើងៗក្នុងអង្ករ ដោយហេតុតែការប្រែប្រួលអាកាសធាតុ។ នេះបើតាមការសិក្សាទើបចេញផ្សាយក្នុងទំព័រទស្សនាវដ្តីវិទ្យាសាស្ត្រវេជ្ជសាស្ត្រ The Lancet ដោយបញ្ជាក់លម្អិតថា កំរិតជាតិរ៉ែពុល Arsenic ក្នុងគ្រាប់ស្រូវ និងអង្ករប្រែប្រួលទៅតាម របៀបដាំដុះ ទីតាំងដាំដុះ និងពូជស្រូវ។
Arsenic ជាអ្វី?
ជាសមាសធាតុធម្មជាតិក្នុងស្រទាប់ដី ក្នុងទឹក ក្នុងខ្យល់ គ្មានក្លិន គ្មានរសជាតិ Arsenic ត្រូវបានគេចាត់ទុកជាសារធាតុពុលខ្លាំងក្នុងទម្រង់ជាអសរីរាង្គ ព្រមទាំងធ្លាប់ត្រូវបានគេយកមកប្រើប្រាស់ជាថ្នាំពុលផង។ អង្គការសុខភាពពិភពលោកបានបញ្ចូលArsenic ក្នុងបញ្ជីឈ្មោះភ្នាក់ងារបង្កជំងឺមហារីក សម្រាប់មនុស្សលោក តាំងពីឆ្នាំ១៩៨០មក។ នៅលើពិភពលោក តៃវ៉ាន់ ស៊ីលី បង់ក្លាដែស អាហ្សង់ទីន កម្ពុជា។ល។ និង។ល។ សុទ្ធសឹងជាតំបន់ដែលមានអត្រាជាតិArsenicខ្ពស់។ នេះបើយោងតាមឯកសាររបស់អង្គការសុខភាពពិភពលោក។ ការស្រូបខ្យល់ ការបរិភោគអាហារឬទឹក មានជាតិពុលArsenic ជាប្រភពនាំឱ្យមនុស្សទូទៅប្រឈមនឹងគ្រោះកើតជំងឺមហារីកសួត ស្បែក និងប្លោកនោម។ មានក្នុងធម្មជាតិ កាន់តែច្រើនឡើងៗ ដោយការប្រែប្រួលអាកាសធាតុ និងដោយសកម្មភាពឧស្សាហកម្មផលិតជីរគីមីសម្លាប់សត្វល្អិត ថ្នាំពណ៌ ឬឧស្សាហកម្មរ៉ែ Arsenic អាចជ្រៀតឆ្លងចូលទៅបំពុលទឹក បំពុលដំណាំជាពិសេសដល់ក្នុងគ្រាប់ស្រូវ-អង្ករ។ រ៉ែArsenic អាចប៉ះពាល់ពុលដល់សុខភាព ទៅតាមកំរិតនៃការស្រូវជាតិArsenicចូលក្នុងខ្លួន។ ប៉ុន្តែគ្រប់អង្ករមិនសុទ្ធតែមានជាតិArsenicទេ។ របៀបចម្អិន អាចជួយកាត់បន្ថយនិងបញ្ចុះបរិមាណជាតិពុលArsenic នេះបាន។ វិធីដ៏ល្អប្រពៃបំផុត គឺត្រូវត្រាំអង្កររយៈពេល១២ម៉ោង រួចលាងឱ្យស្អាត សិមយកមកដាំ។ នេះបើតាមការណែនាំរបស់វេជ្ជបណ្ឌិតជាតិបារាំង Laurent Chevallier គ្រូពេទ្យជំនាញផ្នែកអាហារូបត្ថម្ភ។ បើពុំនោះទេ អ្នកវិទ្យាសាស្ត្រអាមេរិកណែនាំឱ្យដាំបាយជាត់ ដូចចាស់បូរាណខ្មែរ ពោលគឺដាំបាន៥នាទី ត្រូវចាក់ទឹកចោល ដោយថែមទឹកថ្មី ដើម្បីឱ្យបាយបានឆ្អិនល្អ។ ការដាំរបៀបនេះ អាចលុបបំបាត់ជាតិពុល បានជិតពីរភាគបីនៃរ៉ែពុលArsenicដែលមានកប់ក្នុងអង្ករ។
បើមិនអាចដាំបាយតាមវិធីទាំងពីរខាងលើបាន អ្នកបរិភោគបាយតិច ក្នុងកំរិតមធ្យមភាគ៥គីឡូម្នាក់ក្នុងមួយឆ្នាំដូចយ៉ាងបណ្តាជនរស់នៅអឺរ៉ុប គ្មានអ្វីគួរឱ្យព្រួយបារម្ភទេ ព្រោះម្យ៉ាងទៀត សរីរាង្គកាយមនុស្សមានយន្តការអាចកម្ចាត់ជាតិរ៉ែធ្ងន់ Arsenic បាន ប្រសិនបើបរិមាណរ៉ែមិនច្រើនជ្រុលហួសហេតុ។ ប៉ុន្តែសម្រាប់ប្រជាជននៅអាស៊ី ពលរដ្ឋម្នាក់ៗទទួលទានបាយមធ្យមជាង១០០គីឡូក្នុងមួយឆ្នាំ។
បន្ទាប់មកទៀត អង្ករអាចមានផ្ទុកសារធាតុគីមី ជាថ្នាំសម្លាប់សត្វល្អិត។ នៅក្នុងគំរូអង្ករជាង៤០មុខដែលមានដាក់លក់នៅលើទីផ្សារបារាំង (អឺរ៉ុប) មួយភាគបីមានផ្ទុកសារធាតុគីមីសម្លាប់សត្វល្អិត។ ជាការប្រៀបធៀប អង្ករបាស្មាទីឥណ្ឌាមានកំរិតជាតិពុលគីមីខ្ពស់ជាងអង្ករមកពីថៃ ដែលមិនសូវប្រើជីរឬថ្នាំគីមីខ្លាំង ហើយជាប្រភេទកសិកម្ម មិនសូវមានលក្ខណៈប្រពលវប្បកម្មខ្លាំង។ ឯអង្ករថៃមានផ្ទុករ៉ែArsenic...
Duration:00:08:03
ធ្វើចលនា ជួយបំបាត់បញ្ហាឈឺចង្កេះ ឈឺខ្នង
6/18/2025
ឈឺខ្នង ឈឺចង្កេះ ក្លាយជាអាការៈរោគប្រចាំសតវត្សរ៍។ ការឈឺចង្កេះនេះ អាចព្យាបាល ដោយធ្វើលំហាត់ និងថ្នាំប្រឆាំងនឹងការរលាកអាចជួយបន្ធូរបន្ថយការឈឺចុកចាប់បាន ឬក្នុងករណីខ្លះ គ្រូពេទ្យត្រូវការប្រើវិធីព្យាបាលដោយវិធីវះកាត់។ ប៉ុន្តែជាកិច្ចការពារនិងដើម្បីកុំឱ្យបញ្ហាឈឺចង្កេះឈឺខ្នងក្លាយជាជំងឺរ៉ាំរ៉ៃនិងធ្ងន់ធ្ងរ មធ្យោបាយដ៏ប្រពៃគឺការធ្វើចលនា។ តើត្រូវធ្វើចលនាដូចម្តេចខ្លះ?
ឈឺចង្កេះ ឬឈឺខ្នងជាអាការៈរោគដែលមនុស្សទូទៅជួបប្រទះញឹកញយណាស់។ នៅប្រទេសបារាំង ក្នុងចំណោមមនុស្ស៥នាក់ មានបួននាក់ហើយជួបបញ្ហាឈឺចង្កេះ-ឈឺខ្នង។ តែជាសំណាងល្អ ក្នុងករណីភាគច្រើន ការឈឺចង្កេះមិនមែនជាជំងឺធ្ងន់ធ្ងន់ទេ។ មូលហេតុចម្បងដែលនាំឈឺចង្កេះឈឺខ្នងនោះ គឺមកពីសាច់ដុំខ្វះកម្លាំងនិងមិនសូវមានចលនានៅត្រង់ចង្កេះ។ ករណីឈឺបែបនេះ គេអាចព្យាបាលជា ដោយត្រូវបញ្ចេញសកម្មភាព និងបំប៉នសាច់ដុំ តាមរយៈលំហាត់ប្រាណ ដើម្បីពង្រឹងសាច់ដុំនិងបន្ទន់តំបន់ចង្កេះឱ្យមានចលនារលូនជាងមុន។
ភ្នាក់ងារសុខាភិបាលបារាំង បានថែមទាំងណែនាំនិងចេញពាក្យស្លោកថា ធ្វើចលនាជាវិធីព្យាបាលដ៏ប្រពៃនៃការឈឺចង្កេះ។ ជាការបញ្ចេញសកម្មភាពដោយសន្សឹមៗ បន្តិចម្តងៗ និងច្រើនឡើងៗជាលំដាប់ ក្នុងបំណងបញ្ចៀសកុំឱ្យអាការៈឈឺខ្នងឈឺចង្កេះក្លាយជាអាការៈ រ៉ាំរ៉ៃទាន់។ ពាក្យថាធ្វើសកម្មភាព ធ្វើចលនា មិនមែនសំដៅលើការបញ្ចេញសកម្មភាពបែបកីឡា ហើយក៏គ្មានដែរលំហាត់កាយសម្ព័ន្ធពិសេសសម្រាប់ព្យាបាលការឈឺចង្កេះនោះ។ គ្រប់កាយវិការ និងចលនាប្រចាំថ្ងៃ ដែលធ្វើដោយមិនបង្ខំ សុទ្ធតែផ្តល់ផលល្អ។ ផ្ទុយទៅវិញ ការសំងំសុខ ស្ពឹកស្រពន់ រកតែភាពស្រណុក មិនបញ្ចេញចលនា និងសកម្មភាពកាយសម្បទា ជាសត្រូវដ៏ចម្បងនៃការឈឺចង្កេះខ្នង ព្រោះអាចនឹងជំរុញមានអាការៈជាប់ខ្នងជាប់ចង្កេះបាន។ ដេកស្ងៀម មិនហ៊ានកម្រើក មិនហ៊ានធ្វើសកម្មភាព មិនហ៊ានដើរ ថមខ្លួនជ្រុលពេកអាចនឹងបង្អូសពេលវេលានៃការជាសះស្បើយទៅវិញទេ។ នេះបើតាមពន្យល់របស់អាជ្ញាធរសុខាភិបាលបារាំងនៅក្នុងទំព័រវេបសាយAmeli.fr។
ប៉ុន្តែសម្រាប់អ្នកជំងឺខ្លះ ការឈឺចង្កេះឈឺខ្នងមានអមដោយអាការឈឺចាក់ចុះទៅជើង ត្រង់ភ្លៅ និងកំភួនជើង ដោយមានអារម្មណ៍ស្ពឹក ស្រពន់ ឬខ្សោយ នៅជើងម្ខាង។ អាការៈនេះគេហៅថាជាជំងឺសរសៃ Sciatique។ មូលហេតុគោលដែលនាំមានបញ្ហាsciatique គឺមកពី ទ្រនាប់ឆ្អឹង ដែលស្ថិតចន្លោះពីឆ្អឹងកងមួយទៅឆ្អឹងកងមួយ ឬដែលយើងមានទម្លាប់ហៅថាឌីស មានបញ្ហា មានភាពមិនប្រក្រតី បាត់ទម្រង់ដើម។
ឌីស ឬទ្រនាប់ឆ្អឹងកង មានតួនាទីជាអ្នកទប់-កល់កុំឱ្យឆ្អឹងកងខ្នងប៉ះកកិតឬបុកទង្គិចគ្នា នៅពេលធ្វើចលនា ឬអុកទង្គិចជាយថាហេតុណាមួយ។ ទ្រនាប់ឆ្អឹងនេះ (Disques intervertébrales) មានរចនាសម្ព័ន្ធស្មុគស្មាញ ផ្សំដោយប្រព័ន្ធសរសៃប្រសាទផង ឆ្អឹងខ្ចីផង និងស្នូលជាខ្លាញ់អន្ធឹលៗផង។ នៅពេលមានការទង្គិចអុកគ្នាខ្លាំង គឺឆ្អឹងកងជាអ្នកខូចខាតមិនមែនទ្រនាប់ឆ្អឹងឌីសនេះទេ។ ទ្រនាប់ឌីស មាននាទីជាអ្នកធានាការធ្វើចលនារបស់ឆ្អឹងខ្នង កុំឱ្យកកិតគ្នា និងមានសកម្មភាពជាអ្នកអប ទប់កុំឱ្យមានករណីអុកទង្គិចខ្លាំង។
ប៉ុន្តែ ដោយមូលហេតុផ្សេងៗ ទ្រនាប់ឌីសបានចាស់រិចរិល ខូចទម្រង់ដើម ឬបាត់បង់សមត្ថភាពរបស់ខ្លួន ឬលៀនឌីសដូចទម្លាប់ហៅរបស់បណ្តាជនខ្មែរភាគច្រើន ទើបធ្វើឱ្យសរសៃsciatiqueរលាក ហើយលេចអាការៈឈឺចុកចាប់ឡើង នៅត្រង់ចង្កេះ និងនៅជើង។ ជាការឈឺចុកចាប់យ៉ាងខ្លាំង ស្ទើរទ្រាំមិនបាននាពេលខ្លះ។ ហេតុដូច្នេះហើយបានគ្រូពេទ្យត្រូវចាប់ផ្តើមព្យាបាល ដោយជួយធ្វើយ៉ាងណាឱ្យអ្នកជំងឺបាត់ឈឺ។ ជាទូទៅ និងជាដំបូងគេ គ្រូពេទ្យនឹងចេញវេជ្ជបញ្ជាឱ្យលេបថ្នាំបំបាត់ការឈឺចាប់ ថ្នាំប្រឆាំងនឹងការរលាក Anti-inflammatoire ឬពពួកCorticoïde ដើម្បីកាត់បន្ថយអាការៈរលាកទ្រនាប់ឆ្អឹង និងសរសៃប្រសាទ។ បន្ទាប់មក បើតាមវេជ្ជបណ្ឌិតប្រចាំវិទ្យុជាតិបារាំង លោក Martin Ducret នៅពេលការឈឺចុកចាប់ចុះថយ អ្នកជំងឺចាំបាច់ត្រូវហាត់ធ្វើចលនាពីសំណាក់គ្រូពេទ្យជំនាញផ្នែកចលនា នូវលំហាត់មួយចំនួន តាមវិធីសាស្ត្រប្រកបដោយប្រសិទ្ធភាពខ្ពស់ គឺវិធីសាស្ត្រ McKenzie។
តើវិធីសាស្ត្រMcKenzieជាអ្វី?
រកឃើញនៅឆ្នាំ១៩៥០ Mckenzie ជាវិធីសាស្ត្រព្យាបាលដោយចលនា ដើម្បីជាកិច្ចការពារផង ជាកិច្ចព្យាបាលអាការៈឈឺចង្កេះឈឺខ្នង។ អាជ្ញាធរសុខាភិបាលបារាំង បានណែនាំជាផ្លូវការ ឱ្យប្រើវិធីសាស្ត្រMcKenzie...
Duration:00:08:35
បន្លែជ្រក់-ត្រាំ ជាអាហារល្អសម្រាប់សុខភាព?
6/11/2025
ម្ហូបអាហារទទួលទាន ក៏មានប្រជាប្រិយភាពឡើងចុះដែរ។ ត្រសក់ជ្រក់ ត្រសក់ត្រាំ ល្ហុងត្រាំ ស្ពៃជ្រក់ ជ្រក់បន្លែគ្រប់មុខ គីមឈី... វិធីត្រាំឬជ្រក់បន្លែដើម្បីទុកបរិភោគបានយូរថ្ងៃ កំពុងពេញនិយមឡើងវិញ ដោយគេជឿថាអាហារប្រភេទនេះអាចជួយបង្កើនបាក់តេរីល្អនៅក្នុងពោះ។ តើអាហារជ្រក់ បន្លែត្រាំ មានគុណសម្បត្តិនិងគុណវិបត្តិយ៉ាងណាចំពោះសុខភាព?
ជារបៀបរក្សាទុក មានធ្វើនៅក្នុងស្ទើរគ្រប់វប្បធម៌គ្រប់តំបន់ បន្លែត្រាំ បន្លែជ្រក់ កំពុងក្លាយជាអាហារដ៏ពេញនិយម ជាថ្មី តាំងពីប៉ុន្មានឆ្នាំចុងក្រោយមកនេះ។ ខ្មែរធ្វើជ្រក់ ត្រសក់ជ្រក់ ត្រសក់ត្រាំ ល្ហុងត្រាំ ស្ពៃជ្រក់ ជ្រក់បន្លែគ្រប់មុខ ម្ទេសត្រាំ កូរ៉េធ្វើគីមឈី បារាំងធ្វើស៊ូក្រូត ... គ្រឿងត្រាំ គ្រឿងជ្រក់ គ្រឿងផ្អាប់ទាំងអស់នេះ មនុស្សលោកចេះធ្វើតាំងពីយូរយារ តាំងពីសម័យមិនទាន់មានទូរទឹកកក។ ការត្រាំ ការធ្វើជ្រក់ ជាវិធីសាស្ត្រ នៃការរក្សាទុកអាហារបែបបូរាណ តាមដំណើរធម្មជាតិ ដោយយកបន្លែទៅត្រាំឬទៅប្រលាក់ផ្អាប់ក្នុងទឹកអំបិល។ ចុះតាមបែបវិទ្យាសាស្ត្រនិងគីមីវិទ្យាវិញ តើរបៀបរក្សាទុកបន្លែឱ្យបានយូរ តាមរយៈការត្រាំ ឬដោយធ្វើជ្រក់ ហៅតាមរបៀបខ្មែរ មានគុណប្រយោជន៍យ៉ាងណាចំពោះសុខភាព?
បើតាមការពន្យល់របស់លោក Rafael Haumont សាស្ត្រាចារ្យនិងជាអ្នកឯកទេសស្រាវជ្រាវម្ហូបតាមបែបវិទ្យាសាស្ត្រ (គីមីវិទ្យា) វិធីត្រាំបន្លែ ជារបៀបរក្សាទុកបន្លែឱ្យបានយូរ ដោយមិនឆ្លងកាត់ការចំអិនលើភ្លើងសម្លាប់មេរោគ។ ម្ហូបមិនប្រើកំដៅល្អខ្លាំងណាស់បើគិតពីគុណប្រយោជន៍ផ្នែកសុខភាព ព្រោះវាអាចរក្សាវីតាមីនរបស់បន្លែនោះបានស្ទើរទាំងស្រុង។ វីតាមីនខ្លាចភ្លើងនិងកម្តៅណាស់ ជាពិសេសវីតាមីនសេ។ សម្រាប់លោកសាស្តាចារ្យ Haumont ត្រាំឬជ្រក់បន្លែជាវិធីប្រយុទ្ធប្រឆាំងនឹងភាពខ្ជះខ្ជាយអាហារ គោរពបរិស្ថាន សន្សំសំចៃថវិកា និងល្អសម្រាប់សុខភាពទៀត។
វិធីត្រាំអាហារ មានច្រើនយ៉ាង និងច្រើនមុខដែលអាចផ្តល់លទ្ធផលប្លែកគ្នាខ្លាំង ទៅតាមការលាយគ្រឿងផ្សំ ដោយ ត្រូវការតែបន្លែ ទឹក អំបិល និងក្រឡស្អាតមួយអាចបិទជិត រួចទុកដាក់ក្នុងទីកន្លែងត្រជាក់ ស្ងួតមិនត្រូវថ្ងៃជាការស្រេច។ ជាគោលការណ៍ ការត្រាំផ្អាប់អាហារក្នុងទឹកអំបិលដើម្បីរក្សាទុកបានយូរ មានដំណើរតែមួយដូចគ្នា គឺប្រើបាក់តេរីឱ្យ បំប្លែង។ យន្តការត្រាំផ្អាប់នេះ អាចនាំឱ្យជាតិស្ករឬអាមីដុងឱ្យបំប្លែងទៅជាអាល់កុល និងពីអាល់កុលទៅជាទឹកខ្មេះ ឬពីស្ករទៅជាអាស៊ីតឡាទិក (ជូរ)។ ក្នុងករណីត្រាំឬជ្រក់បន្លែ គេឱ្យទុកឱ្យបាក់តេរីបំប្លែងជាតិស្កររបស់បន្លែ ផ្លែឈើ ឱ្យទៅជាអាស៊ីតឡាក់ទិក ដើម្បីប្តូរសណ្ឋាននិងរសជាតិបន្លែ ហើយជួយរក្សាអាហារឱ្យទុកបានយូរ តាមរយៈការជំរុញបាក់តេរីល្អឱ្យលូតលាស់ និងរារាំងកម្ចាត់បាក់តេរីអាក្រក់។ គឺអំបិលនិងការផ្អាប់បំប្លែងទៅជាអាស៊ីតឡាក់ទិកជាតិជូរនេះហើយដែលធ្វើឱ្យបន្លែមានរសជាតិជូរអែមដ៏សែនឆ្ងាញ់។ បើជាអំបិលតែឯង ឬផ្អាប់តែឯង មិនគ្រប់គ្រាន់ទេ។
សូមបញ្ជាក់ថា គ្រប់បន្លែ ផ្លែឈើទាំងអស់សុទ្ធតែមានមីក្រូសរីរាង្គ ដូចជាបាក់តេរី មេ ឬ ផ្សិត រាប់ពាន់លាន។ ទោះបីជាលាងសម្អាតយ៉ាងដូចម្តេចក៏មិនអស់ដែរ។ តែយើងក៏ត្រូវការឱ្យនៅសល់បាក់តេរីខ្លះដែរ ដើម្បីជួយបំប្លែងជាតិស្ករ fructoses glucose Saccharose របស់បន្លែផ្លែឈើ ទៅជាអាស៊ីតឡាក់ទិក ដែលបើទុកកាន់តែយូរ អាហារកាន់តែជូរ និងជួយញែករើសទុកបាក់តេរីល្អៗ ហើយកម្ចាត់បាក់តេរីដែលមិនល្អចេញ។ បាក់តេរីមិនមែនសុទ្ធតែជាសត្រូវរបស់មនុស្សលោក ដូចការគិតពីមុនទេ។ បាក់តេរីមានល្អ មានអាក្រក់។ វេជ្ជសាស្ត្រទើបរកឃើញគុណសម្បត្តិនៃបាក់តេរីសម្រាប់សុខភាព។
មានន័យថា ការបរិភោគបន្លែត្រាំឬជ្រក់ ជាប្រភពនាំបាក់តេរីធម្មជាតិល្អៗ ទៅជួយបង្កើនលំនឹងដល់ពពួកមីក្រូសរីរាង្គ (Microbiote) នៅក្នុងពោះវៀន។ នៅពេលមានលំនឹងមីក្រូប៊ីយ៉ុង ដំណើរការរំលាយអាហារក៏ល្អ សុខភាពប្រព័ន្ធរំលាយអាហារក៏លែងសូវមានបញ្ហា។ បើតាមការពន្យល់របស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ជំនាញផ្នែកក្រពះពោះវៀន នៅក្នុងខ្លួនមនុស្សយើងមាន ក្រុមមីក្រូសរីរាង្គដូចជាបាក់តេរីផ្សិតវីរុស ដែលហៅតាមភាសាបច្ចេកទេសថាមីក្រូប៊ីយ៉ុតរស់ផ្តុំគ្នាក្នុងប្រព័ន្ធរំលាយអាហារ (ពីមាត់ទៅទ្វាធំ) ក្នុងចំនួនរាប់ពាន់កោដិលាន ឬស្មើនឹងប្រមាណមួយគីឡូកន្លះឯណោះ។ មីក្រូប៊ីយ៉ុតនេះមានភារកិច្ចរំលាយអាហារ ផលិតវីតាមីន ប្រព័ន្ធការពារខ្លួន...
Duration:00:09:51
បារីអេឡិចត្រូនិកអាចប៉ះពាល់ដល់សុខភាពខ្លាំងជាងបារីធម្មតា?
6/10/2025
ទិវាពិភពលោកប្រឆាំងនឹងថ្នាំជក់ ឆ្នាំ២០២៥ ផ្តោតប្រធានបទទៅលើឥទ្ធិពលអាក្រក់នៃឧស្សាហកម្មថ្នាំជក់ទៅលើយុវវ័យ។ ដើម្បីទាក់ទាញក្មេងឱ្យជក់ ឧស្សាហកម្មបានប្រើក្លិន ប្រើរសជាតិបន្ថែម កែច្នៃប្តូរទម្រង់ ផ្លាស់របៀបជក់ បង្កើតផលិតផលបារីអេឡិចត្រូនិកថ្មីៗ ប្លែកៗ។ បើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ការជក់បារីអេឡិចត្រូនិកបានកើនឡើងនៅទូទាំងពិភពលោក ក្នុងចំណោមក្មេងជំទង់និងក្មេងទើបពេញវ័យ។ តើបារីអេឡិចត្រូនិកជាអ្វី ? អាចបង្កគ្រោះថ្នាក់ដល់សុខភាព និងនាំឱ្យញៀនដូចបារីធ្វើពីថ្នាំជក់ដែរទេ?
បង្កើតឡើងនៅឆ្នាំ២០០៦ នៅប្រទេសចិនដោយHon Lik បារីអេឡិចត្រូនិកផលិតឡើងក្នុងទម្រង់ជាស្រដៀងនឹងបារីបូរាណ ក្នុងគោលការណ៍តែមួយ គឺបឺតបង្ហុយផ្សែង ដែលបានមកពីដុតកម្តៅល្បាយរាវ ក្នុងសីតុណ្ហភាពស្រទន់ត្រឹមប្រមាណ៦០អង្សា។ ល្បាយរាវក្នុងបារីអេឡិចត្រូវនិក ឬហៅកាត់ថាល្បាយអេឡិចត្រូនិកនេះ មានសមាសធាតុផ្សំច្រើនមុខខ្លាំងណាស់ ដោយអាចមានទាំងជាតិនីកូទីនមួយដែរផង។ ចំណែកក្លិនក៏មានច្រើនប្លែកៗគ្នា។ បច្ចុប្បន្ននេះបារីអេឡិចត្រូនិក (E-cigarette) មានរសជាតិ និងក្លិនជាង៧៧០០មុខ កំពុងធ្វើចរាចរណ៍ និងមានឈ្មោះហៅប្លែកៗគ្នាច្រើន។ នៅប្រទេសកម្ពុជា គេច្រើនហៅខ្លីថាវ៉ាប់។
គ្រោះថ្នាក់នៃបារីអេឡិចត្រូនិក
កាន់តែពេញនិយម គ្រោះថ្នាក់នៃបារីអេឡិចត្រូនិកចំពោះសុខភាព ក៏ត្រូវបានរកឃើញកាន់តែច្រើនឡើងៗដែរ។
ការសិក្សាថ្មីដំបូងរបស់សកលវិទ្យាល័យManchester បានរកឃើញថា ការបឺតបារីអេឡិចត្រូវនិក អាចបង្កគ្រោះថ្នាក់ដល់សុខភាពខ្លាំងជាងជក់បារីបូរាណទៅទៀត។ អ្នកប្រព្រឹត្តការជក់បារីអេឡិចត្រូនិក មានហានិភ័យខ្លាំងនឹងកើតជំងឺភ្លេច ជំងឺបេះដូង និងជំងឺខូចសរីរាង្គ។ វេជ្ជបណ្ឌិត Maxime Boidin អ្នកទទួលខុសត្រូវលើការសិក្សា ស្តីអំពីឥទ្ធិពលរយៈពេលយូរនៃការបឺតបារីអេឡិចត្រូនិក ចំពោះសុខភាព បានពន្យល់ថា អ្នកជក់បារីធម្មតា ត្រូវដើរចេញទៅក្រៅដើម្បីជក់ អស់មួយដើមត្រូវអុជជក់មួយដើមទៀត។ ប៉ុន្តែសម្រាប់អ្នកបឺតបារីអេឡិចត្រូនិក គេអាចបឺតមួយខ្សឺតហើយមួយខ្សឺតទៀត តគ្នា នៅកន្លែងណាក៏បានជាហេតុធ្វើឱ្យគេពិបាករាប់បរិមាណនៃការជក់ណាស់។ ម្យ៉ាងទៀត បើតាមលោកវេជ្ជបណ្ឌិតដដែល បារីអេឡិចត្រូនិក ជាល្បាយនៃធាតុរ៉ែនិងផលិតផលគីមី ព្រមទាំងសារធាតុបន្ថែមក្លិននិងរសជាតិសិប្បនិម្មិត ដែលអាចបង្កឱ្យមានការរលាក និងកំណើនកោសិកាសេរី ធ្វើឱ្យយន្តការការពារខ្លួនចុះខ្សោយ។ ជាផលវិបាក បើតាមលោកវេជ្ជបណ្ឌិតMaxime Boidin ការបឺតល្បាយអេឡិចត្រូនិកនឹងធ្វើឱ្យផ្ទៃខាងក្នុងនៃសរសៃអាទែមានរបួស មានដំបៅ ហើយកោសិកាល្អងាប់។ នៅពេលមានស្នាមមានរបួស សរសៃឈាមអាទែច្បាស់ជាគ្មានសមត្ថភាពរលាស់ រីករួម ជារោគសញ្ញានាំទៅមានជំងឺសរសៃឈាមបេះដូងធ្ងន់ធ្ងរ។ ឯលំហូរចរន្តឈាមទៅចិញ្ចឹមសរីរាង្គ និងខួរក្បាលក៏លែងត្រឹមត្រូវគ្រប់គ្រាន់ វិបត្តិខួរក្បាលចុះខ្សោយ អន់បញ្ញាស្មារតីពោលគឺការភ្លេចភ្លាំងនឹងលេចឡើង។ សម្រាប់ក្រុមអ្នកស្រាវជ្រាវនេះ បារីអេឡិចត្រូនិក គួរតែស្ថិតនៅក្រោមការគ្រប់គ្រងយ៉ាងហ្មត់ចត់បំផុតពីអាជ្ញាធរ និងអាចប្រើប្រាស់បានតាមរយៈវេជ្ជបញ្ជា ក្នុងរយៈពេលដ៏ខ្លី សម្រាប់ជួយផ្តាច់ការញៀនបារី។
បារីអេឡិចត្រូនិកនឹងក្លាយជាអាវុធមុខពីរ។
បារីអេឡិចត្រូនិកអាចញៀនដូចជក់បារីបូរាណ?
ត្រូវបានគេចាត់ទុកកាលពីដំបូង ថាជម្រើសមួយ សម្រាប់ផ្តាច់បារី ផ្តាច់ភាពញៀននឹងជាតិនីកូទីន បារីអេឡិចត្រូនិកកំពុងពេញនិយមកាន់តែខ្លាំងឡើងក្នុងស្រទាប់យុវវ័យជាក្មេងជំទង់និងក្មេងទើបធំពេញវ័យ ដែលជាវ័យងាយរងគ្រោះខ្លាំង។ និន្នាការនេះបានក្លាយជាក្តីបារម្ភពិតនិងយ៉ាងជាក់ស្តែងសម្រាប់សុខភាពសាធារណៈ ព្រោះបារីអេឡិចត្រូនិកអាចជាឱកាសស្រូបបឺតយកជាតិដ៏គ្រោះថ្នាក់ ដែលធ្វើប៉ះពាល់ដល់ខួរក្បាល។ ហើយខួរក្បាលក្មេង ក្នុងវ័យជំទង់ ជាខួរក្បាលកំពុងស្ថិតក្នុងដំណាក់កាលលូតលាស់នៅឡើយ និងងាយទទួលភាពញៀនពីជាតិនីកូទីនខ្លាំងណាស់។ ដូច្នេះ បុគ្គលដែលចាប់ផ្តើមបឺតបារីអេឡិចត្រូនិកនៅវ័យជំទង់ប្រឈមនឹងហានិភ័យញៀននីកូទីនខ្ពស់ជាងអ្នកចាប់ផ្តើមជក់នៅវ័យចំណាស់ខ្លាំងឆ្ងាយណាស់។
អ្នកជំនាញសុខភាពបានដឹងយ៉ាងច្បាស់ ថាជាតិនីកូទីនជះឥទ្ធិពលអាក្រក់ខ្លាំងណាស់លើលូតលាស់នៃខួរក្បាលរបស់ក្មេងជំទង់ ដោយអាចធ្វើឱ្យក្មេងមានវិបត្តិផ្ចង់អារម្មណ៍ វិបត្តិក្នុងការសិក្សា...
Duration:00:07:27
ដុំស្បូន៖ វិធីវះកាត់ជំនាន់ក្រោយ មិនសូវឈឺចាប់និងគ្មានបន្សល់ស្លាកស្នាម
5/28/2025
គីស ដុំសាច់ ក្នុងស្បូន ជាករណីដែលកើតមានជាញឹកញាប់លើស្ត្រី។ គីស ឬដុំសាច់នេះ មិនសុទ្ធតែកាច ក្លាយជាជំងឺមហារីកទេ។ ប៉ុន្តែ អាការៈតម្រូវឲ្យ គ្រូពេទ្យវះកាត់យកវាចេញ។ តើគីសប្រភេទណា ត្រូវយកចេញ ? គីសណាអាចទុកតាមដានបាន? ការវះកាត់យកចេញប្រព្រឹត្តទៅយ៉ាងដូចម្តេច?
បទសម្ភាសន៍របស់អៀង សុខម៉ិញ ជាមួយលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន នាយកឯកទេសផ្នែកសម្ភព រោគស្ត្រី និងជាប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត្រ ក្រុងភ្នំពេញ។
Duration:00:12:10
ជំងឺមិនឆ្លងកំពុងក្លាយជាជំងឺរាតត្បាតថ្មី?
5/21/2025
អាជ្ញាធរសុខាភិបាលកម្ពុជា បានអះអាងថា កម្ពុជាកំពុងប្រឈមនឹងកំណើនជំងឺមិនឆ្លង ដែលស្ទើរក្លាយជាមូលហេតុទីមួយនៃមរណភាពរបស់ពលរដ្ឋ។ បើមិនឆ្លងផង ហេតុអ្វីជំងឺនេះមានកំណើនខ្លាំង? តើអ្វីជាកត្តាជំរុញឱ្យមានជំងឺមិនឆ្លង ? តើគេអាចទប់ស្កាត់និងបង្ការជំងឺមិនឆ្លងបានដែរឬទេ?
មនុស្សគ្រប់រូបប្រយ័ត្នប្រយែងខ្លាំងណាស់ ខ្លាចឆ្លងមេរោគ ឆ្លងជំងឺផ្សេងៗ ពីអ្នកដទៃ។ អាជ្ញាធរប្រទេសនីមួយៗក៏ប្រឹងប្រែងខ្លាំងដែរក្នុងការបើកយុទ្ធនាការជាតិ ឬមូលដ្ឋាន ចាក់ថ្នាំបង្ការ ឬរកមធ្យោបាយទប់ស្កាត់ជំងឺឆ្លង។ ប៉ុន្តែបច្ចុប្បន្ននេះ បើតាមស្ថិតិពិភពលោក ជំងឺមិនឆ្លងកំពុងសម្លាប់មនុស្សច្រើនជាងគេ។ នៅឆ្នាំ២០២១ មានមនុស្សជាង៤៣លាននាក់បានស្លាប់ ដោយជំងឺមិនឆ្លង ពោលគឺស្មើនឹងប្រមាណ៧៥%នៃចំនួនមរណភាពសរុបនៅលើពិភពលោក ដែលមិនពាក់ព័ន្ធនឹងជំងឺរាតត្បាត។ នៅក្នុងឆ្នាំ២០២១ដដែល ជំងឺមិនឆ្លងបានសម្លាប់មនុស្សអាយុក្រោម៧០ឆ្នាំអស់១៨លាននាក់ ឬស្មើនឹង៨២%នៃមរណភាពមុនកាលនៅតាមបណ្តាប្រទេសក្រីក្រនិងមធ្យម។ នេះបើតាមតួលេខផ្តល់ដោយអង្គការសុខភាពពិភពលោក។ មិនដូចជាការគិត ជំងឺមិនឆ្លងមិនមែនជាជំងឺរបស់ប្រទេសអ្នកមានទេ ៧៣%នៃអ្នកស្លាប់ដោយជំងឺមិនឆ្លង រស់នៅក្នុងប្រទេសក្រីក្រនិងមធ្យម។
ជាក់ស្តែង នៅប្រទេសកម្ពុជា បើតាមលទ្ធផលអង្កេតរបស់ក្រសួងសុខាភិបាល ដោយមានជំនួយបច្ចេកទេសពីអង្គការសុខភាពពិភពលោកកាលពីឆ្នាំ២០២៣ ករណីជំងឺមិនឆ្លងបានកើនឡើងខ្លាំងគួរឱ្យព្រួយបារម្ភ និងក្លាយជាមូលហេតុទីមួយនៃមរណភាព ដែលមានចំនួនប្រមាណ៦ម៉ឺននាក់ក្នុងមួយឆ្នាំ។ អាជ្ញាធរសុខាភិបាលកម្ពុជាបានទទួលស្គាល់ថាជាស្ថានភាពអាក្រក់ និងបានអំពាវនាវឱ្យប្រជាពលរដ្ឋប្តូរទម្លាប់រស់នៅ។
តើជំងឺមិនឆ្លងនេះជាអ្វី?
ដូចឈ្មោះហៅ ជំងឺមិនឆ្លង ជាក្រុមជំងឺដែលមិនបង្កឡើងដោយការឆ្លងពីអ្នកផ្សេង ឬដោយការចម្លងមេរោគឱ្យគ្នា ឬអាចហៅម្យ៉ាងទៀត ថាជាជំងឺរ៉ាំរ៉ៃ និងជាជំងឺពាក់ព័ន្ធដោយផ្ទាល់ទៅនឹងឥរិយាបថរបស់បុគ្គលខ្លួនឯង ភ្ជាប់ដោយកត្តាពូជ កត្តាសរីរៈវិទ្យា និងបរិស្ថាននៅជុំវិញខ្លួន។ ជំងឺមិនឆ្លងច្រើនតែឈឺអូសបន្លាយទៅតាមពេលវេលា ហើយទាមទារការព្យាបាល និងថែទាំយូរអង្វែង ទម្រាំបានជាសះស្បើយឡើងវិញ។
ជំងឺមិនឆ្លងដ៏ធំចម្បងគេ មានបួន គឺជំងឺមហារីក ជំងឺសរសៃឈាមបេះដូង ទឹកនោមផ្អែម និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ។ វិបត្តិផ្លូវចិត្ត បញ្ហាខួរក្បាល ក៏ចាត់បញ្ចូលជាជំងឺមិនឆ្លង ដែលកំពុងមានកំណើនខ្លាំងដែរ។ ជំងឺក្រពះពោះវៀន ជំងឺថ្លើម ជំងឺវង្វេងវង្វាន់ ក្រលៀនតម្រងនោម និងអត្តឃាត ក៏ស្ថិតក្នុងចង្កោមជំងឺមិនឆ្លងធំៗ ១០ដំបូងគេដែរ។
ដោយលម្អិត ជំងឺមហារីកបានកើនស្ទើរទ្វេដង នៅទូទាំងពិភពលោក ជាពិសេសក្នុងចំណោមអ្នកជំងឺក្មេងអាយុក្រោម៥០ឆ្នាំ។ កម្ពុជា ជាឧទាហរណ៍ពិតៗ ដោយមានអត្រាអ្នកកើតជំងឺមហារីកកើនឡើងដល់ទៅ៨៧,៤២%នៅឆ្នាំ២០២៤ជាមួយនឹងអត្រាមរណៈខ្ពស់ខ្លាំងដល់ទៅជាង៧០% ឬបើគិតជាចំនួន មានស្លាប់ជាមធ្យម៣៨នាក់ក្នុងមួយថ្ងៃៗ។ នេះបើតាមស្ថិតិរបស់ក្រសួងសុខាភិបាលកម្ពុជា។ ចំណែកជំងឺទឹកនោមផ្អែម បានកើនឡើង៥៩% នៅឆ្នាំ២០២៤បើប្រៀបទៅនឹងឆ្នាំ២០២៣។ សន្ទុះដ៏ខ្លាំងហួសនិស្ស័យ និងគួរឱ្យភ្ញាក់ផ្អើលបំផុត គឺករណីជំងឺផ្លូវចិត្ត។ Le petit Journal Cambodge បានចុះផ្សាយនៅថ្ងៃទី៦ឧសភា២០២៥ ថាមានអ្នកជំងឺផ្លូវចិត្តចំនួនជាង២សែន៨ម៉ឺនករណីថ្មីនៅឆ្នាំ២០២៤។ ជំងឺមិនឆ្លងគួរជាទីព្រួយបារម្ភមួយទៀត ទាក់ទងជំងឺសរសៃឈាមបេះដូង (ជំងឺលើសឈាម) បានកើនឡើង២១,៤%។ នេះបើតាមប្រភពដដែល។
តើមានកត្តាអ្វីខ្លះដែលជំរុញឱ្យមានករណីជំងឺមិនឆ្លងកើនឡើងយ៉ាងខ្លាំងដូច្នេះ?
កុមារ មនុស្សធំពេញកម្លាំង មនុស្សចាស់ ប្រឈមនឹងកត្តាហានិភ័យនៃជំងឺមិនឆ្លងដូចគ្នា។ កត្តាហានិភ័យនាំឱ្យកើតជំងឺមិនឆ្លងមានច្រើនយ៉ាង៖
ទីមួយ ឥរិយាបថនៃការរស់នៅ។ ការជក់បារី ស្រូបផ្សែងបារីពីគេ របៀបរបបហូបចុកប្រចាំថ្ងៃ (ផ្អែមពេក ប្រៃពេក ខ្លាញ់ពេក) ផឹកស្រាហួសហេតុ និងកង្វះសកម្មភាពផ្លូវកាយ សុទ្ធសឹងជាកត្តាហានិភ័យបង្កើនគ្រោះកើតជំងឺមិនឆ្លងហើយ។
ទីពីរ គឺកត្តាមេតាបូលិក។ របបអាហារមិនល្អ និងភាពអសកម្មមិនបញ្ចេញចលនាកាយសម្បទា អាចជំរុញឱ្យលេចឡើងនូវអាការៈ លើសឈាម (មានសម្ពាធឈាមខ្ពស់) លើសជាតិស្ករ លើសជាតិខ្លាញ់ និងឡើងធាត់ជ្រុលចុកខ្លាញ់។ អាការៈទាំងអស់នេះ ជាកត្តាហានិភ័យមេតាបូលិក ដែលនាំឆ្ពោះទៅរកជំងឺសរសៃឈាមបេះដូង គ្រោះថ្នាក់ស្ទះឬដាច់សរសៃឈាមក្នុងខួរក្បាល ឬ នៅបេះដូង។
កត្តាបរិស្ថាន ជាពិសេសខ្យល់ពុលក្នុងបរិយាកាស និងខ្យល់ពុលក្នុងផ្ទះ...
Duration:00:10:22
តើមានមធ្យោបាយបញ្ចៀសអាការៈពុលឡានទេ?
5/2/2025
អ្នកពុលឡានខ្លាចណាស់ការធ្វើដំណើរ។ ការដើរសម្រាកកំសាន្តវិស្សមកាលអាចក្លាយជាទណ្ឌកម្ម ព្រោះនៅពេលជិះឡាន អ្នកពុល អាចមានអាការៈមិនស្រួលខ្លួន វិលមុខ ចង់ក្អួត ចង្អោរ ឬបែកញើសស្អិត ។ល។ និង។ល។ ហេតុអ្វីបានជាគ្រាន់តែជិះក្នុងឡានសោះ ក៏ពុលដែរ? តើមានវិធីបង្ការ និងប្រយុទ្ធប្រឆាំងការពុលឡានដែរឬទេ?
គ្រាន់តែឮថាត្រូវធ្វើដំណើរឆ្ងាយដោយជិះរថយន្ត ជិះយន្តហោះ ឬជិះកប៉ាល់ អ្នកខ្លះព្រួយខ្វល់ឡើងឈឺជាមុនស្រេចទៅហើយ។ អ្នកខ្លះទៀត សុខចិត្តនៅផ្ទះ មិនធ្វើដំណើរតែម្តងផង ព្រោះពួកគេជំងឺពុលឡាន។
ហេតុអ្វីពុលឡាន?
កប៉ាល់ជាមធ្យោបាយធ្វើដំណើរដែលផ្តល់អាការៈពុលខ្លាំង និងច្រើនជាងគេ។ ករណីពុលឡានមានច្រើនជាងករណីពុល រថភ្លើងនិងយន្តហោះ។ ជាទូទៅ អាការៈពុលឡានច្រើនលេចឡើងជាញឹកញាប់ខ្លាំងលើ ស្ត្រី កុមារ អាយុពី២ទៅ១២ឆ្នាំ ដែលនឹងជាបាត់ទៅវិញ នៅពេលចម្រើនវ័យកាន់តែធំឡើង។ មនុស្សចាស់អាយុចាប់ពី៥០ឆ្នាំឡើងទៅ ក៏លែងសូវ ឬកម្រមានអាការៈពុលឡានណាស់។
អាការៈពុលមធ្យោបាយធ្វើដំណើរ ឬនិយាយឱ្យខ្លី ពុលឡាន បណ្តាលមកពីខួរក្បាលទទួលព័ត៌មានផ្ទុយគ្នា ដោយភ្នែកមើលឃើញផ្សេង ត្រចៀកស្តាប់ឮផ្សឹងនិងអារម្មណ៍ប្រាប់ផ្សឹង។ ភ្នែកមើលឃើញទៅមុខ (កំពុងធ្វើដំណើរ) តែខ្លួននៅអង្គុយស្ងៀម អត់មានរង្គើដើរសោះ។ ឧទាហរណ៍ នៅពេលជិះឡាន យើងអង្គុយក្នុងឡានដែលកំពុងធ្វើចលនាបើកទៅមុខ ខ្លួនប្រាណទាំងមូល នៅនឹងស្ងៀម ប៉ុន្តែភ្នែកមើលឃើញវត្ថុមានចលនា។
ខ្លួនយើងមានលំនឹង សុខស្រួល អាចដើរឈរអង្គុយបាន ដោយសារតែមានកិច្ចសហការគ្នាល្អរវាងប្រព័ន្ធវិញ្ញាណ គឺប្រព័ន្ធកាយវិញ្ញាណ សោតវិញ្ញាណ និងចក្ខុវិញ្ញាណ ពោលគឺ បាតជើង ត្រចៀក ភ្នែក។ ខួរក្បាលវិភាគជាប្រចាំរាល់គ្រប់ទិន្នន័យផ្តល់ដោយវិញ្ញាណទាំងអស់របស់សរីរាង្គកាយ រួចបញ្ជាឱ្យមានការសម្របខ្លួន ទៅតាមស្ថានការណ៍នីមួយៗ។ ប៉ុន្តែ ពេលជិះឡាន ឬជិះទូក (កប៉ាល់) ភ្នែកមើលឃើញទេសភាពដើរ តែបាតជើង ខ្លួនប្រាណនិងប្រព័ន្ធត្រចៀកខាងក្នុង មិនសម្គាល់ឃើញមានចលនាសោះ។ ផ្ទុយទៅវិញ នៅក្នុងយន្តហោះ ត្រចៀក និងសាច់ដុំ (ប្រព័ន្ធកាយវិញ្ញាណ)ចាប់អារម្មណ៍ដឹងថាមានចលនាញ័រ អង្គុយលើរបស់កំពុងហោះហើរ តែភ្នែកមើលមិនឃើញជើងមេឃ ពុំឃើញមានអ្វីប្តូរផ្លាស់ រង្គីរង្គើទៅមុខសោះ។ ការបញ្ជូននិងដឹងព័តមានខុសគ្នា បែបបញ្ច្រាសបណ្តោយគ្នា រំខានណាស់ដល់ខួរក្បាល និងធ្វើឱ្យខួរក្បាលមិនអាចវិភាគថាតើយើងកំពុងមានសកម្មភាពអ្វីឱ្យប្រាកដ ទើបធ្វើឱ្យយើងមានអារម្មណ៍មិនស្រួលខ្លួន រកកលចង់ក្អួត ចង់ចង្អោរ ឈឺក្បាល ឬនិយាយឱ្យខ្លីគឺមានអាការៈពុលល្ងាក់ល្ងើ។
ដូច្នេះមនុស្សណាក៏អាចពុលដែរនៅពេលធ្វើដំណើរ ជិះឡាន ជិះយន្តហោះ ជិះរថភ្លើងឬជិះទូក ឬជិះគ្រឿងហោះ គ្រឿងវិល។ គ្រាន់តែអ្នកខ្លះមានញាណរសើបខ្លាំង ខ្លះមិនសូវ។ ឯទារកអាយុក្រោម២ឆ្នាំ កម្រពុល ឬសឹងមិនចេះពុលសោះ ក៏ព្រោះតែខួរក្បាលនៅខ្ចីពេក មិនទាន់ថតផ្តិតចាំអំពីទំនាក់ទំនងរវាងភ្នែក ត្រចៀក និងចលនា។
អាការៈសញ្ញាពុលមធ្យោបាយធ្វើដំណើរមានច្រើនយ៉ាង និងបន្តបន្ទាប់គ្នា ដោយចាប់ផ្តើមដំបូងតិចៗ រួចបន្តឡើងខ្លាំងជាលំដាបនិងធ្ងន់ធ្ងរឡើងៗ ប្រសិនបើចលនាដែលនាំឱ្យពុលមិនព្រមឈប់។
រោគសញ្ញាពុលឡានអាចជា - អាការៈវិលមុខ មានអារម្មណ៍ធ្ងន់ក្បាល ល្ងាក់ល្ងើ បាត់លំនឹង - មានអារម្មណ៍ចង់ក្អួត- ក្អួត- ឈឺក្បាល- ឡើងស្លេក- បែកញើស- អស់កម្លាំង។
ជាទូទៅ អាការៈពុលឡាននេះ នឹងបាត់ទៅវិញនៅប្រមាណ២០នាទីក្រោយ ឬទាល់តែជើងបានជាន់ប៉ះដី បើនិយាយតាមក្រុមអ្នកដើរទូក។ ផ្ទុយទៅវិញ បើជាអាការៈពុលឡានធ្ងន់ធ្ងរ អ្នកជំងឺត្រូវការពេលដល់ទៅ២៤ម៉ោង ទើបស្រួលខ្លួនឡើងវិញ។
តើមានវិធីព្យាបាល និងបង្ការ អាការៈពុលឡានដែរឬទេ?
ដើម្បីប្រយុទ្ធប្រឆាំងនឹងអាការៈពុលឡាន ថ្នាំពេទ្យក៏មាន វិធីបែបធម្មជាតិក៏មាន។ ថ្នាំបំបាត់ការពុលឡាន មានច្រើនប្រភេទណាស់ ដោយអាចជាថ្នាំទប់កុំឱ្យមានអាការៈចង់ក្អួត ល្ងាក់ល្ងើ ឬថ្នាំសម្រាប់លេបពេលក្អួតពុលឡានហើយ។ ប៉ុន្តែថ្នាំពុលឡាន ក៏ដូចជាថ្នាំផ្សេងទៀតដែរ មិនត្រូវលេបច្របល់ចូលគ្នាច្រើនមុខទេ។ មិនប្រាកដថាមានប្រសិទ្ធភាព ថ្នាំពុលឡានសុទ្ធតែអាចផ្តល់ផលរំខាន ដូចជាងងោកងងុយ ឬស្ងួតមាត់។ វត្ថុនិងរបស់របរប្លែកៗ ជាខ្សែពាក់ដៃ ឬការចាក់ម្ជុលវិទ្យាសាស្ត្រ គ្មានប្រសិទ្ធភាពតាមបែបវិទ្យាសាស្ត្រទេ។ តែការសិក្សាជាច្រើន បានបង្ហាញអំពីផលល្អនៃក្បួនឬវិធីបែបធម្មជាតិ ដោយហិតប្រេងជីរអង្កាម ប្រភេទMenthe-Poivrée (តែប្រយ័ត្នកុំឱ្យក្មេងក្រោម៧ឆ្នាំប្រើ)។...
Duration:00:09:32
មីឆុងមិនល្អសម្រាប់សុខភាពយ៉ាងណាខ្លះ?
4/23/2025
ឆុងបរិភោគបានភ្លាម មិនថ្លៃ ហើយឆ្ងាញ់ ប៉ុន្តែមីកញ្ចប់មានឈ្មោះមិនសូវល្អទេ។ តើមីកញ្ចប់នេះមានផ្ទុកសារធាតុអ្វីខ្លះ ? តើគេអាចបរិភោគមីកញ្ចប់នេះដោយគ្មានបារម្ភ គិតដល់ហានិភ័យសម្រាប់សុខភាពដែរឬទេ?
មិនថាជាផលិតផលរបស់ចិន វៀតណាម ជប៉ុន កូរ៉េ ឬថៃទេ មីកញ្ចប់អាចជាអាហារសម្រន់ អាហារថ្ងៃត្រង់ ឬល្ងាច យ៉ាងស្រួលសម្រាប់អ្នកមានការងាររវល់ច្រើន ឬសម្រាប់អ្នកខ្សត់លុយកាក់។ ថែមតែទឹកក្តៅដាំពុះហើយរង់ចាំពីរបីនាទីជាការស្រេច !
ប៉ុន្តែក្នុងសម័យដែលគេចាប់ផ្តើមយល់ និងគិតគូរដល់គុណភាពអាហារ ដើម្បីផ្តល់លំនឹងល្អដល់សុខភាព ដោយផ្តល់តម្លៃដល់អាហារបែបធម្មជាតិ ឬអាហារសរីរាង្គ១០០% មីកញ្ចប់ដែលមានលក់ពេញពិភពលោក ក្នុងទម្រង់និងរសជាតិផ្សេងៗច្រើនយ៉ាងនោះ កំពុងក្លាយជាផ្ទាំងស៊ីបនៃការវាយប្រហាររបស់ក្រុមអ្នកការពារគុណភាពនិងសុវត្ថិភាពចំណីអាហារ យ៉ាងខ្លាំងនៅក្នុងប្រទេសបារាំង។ តាមទស្សនៈនេះ មីកញ្ចប់ត្រូវបានគេចាត់ទុកជាអាហារដ៏គ្រោះថ្នាក់ ដោយសារមូលហេតុច្រើនយ៉ាង។
នៅលើកញ្ចប់ បើតាមរូប និងការរាយឈ្មោះបញ្ជីគ្រឿងផ្សំ គេសង្កេតឃើញថា មីមួយកញ្ចប់អាចបរិភោគជាអាហារបានមួយពេលប្រកបដោយលំនឹង ព្រោះមានផ្ទុកជាតិក្លុយស៊ីត ដែលផ្តល់ដោយសរសៃមី និងប្រូតេអ៊ីន ផ្តល់ដោយសាច់ ដូចជាមីសាច់ជ្រូក សាច់មាន់ ឬសាច់គោ។ ប៉ុន្តែបើគេវិភាគឱ្យបានល្អិតល្អន់ និងមើលតារាងអាហារូបត្ថម្ភលើកញ្ចប់មីវិញ គឺខុសគ្នាស្រលះ។ ជាឧទាហរណ៍ មីឆុងមួយកំប៉ុង រសជាតិសាច់គោ ម៉ាក Teppanyaki របស់ជប៉ុន មានផ្ទុកជាតិក្លុយស៊ីតតែ ១០ក្រាម ប្រូតេអ៊ីន ១,៩ក្រាម សម្រាប់សាច់មីក្រៀម១០០ក្រាម។ នៅពេលចាក់ទឹកក្តៅចូលទៅ មីរីកឆ្អិន អាចទទួលទានបាន ជាតិក្លុយស៊ីតបានឡើងដល់៣៦ក្រាម និង៧ក្រាមប្រូតេអ៊ីន តែប៉ុណ្ណោះ។ ជាការប្រៀបធៀប ញ៉ាំមីឆុងមួយកញ្ចប់ គឺស្មើនឹងបរិភោគនំប៉័ងមួយដុំ៨០ក្រាម ហើយស្ទើរគ្មានជាតិប្រូតេអ៊ីនសម្រាប់ចិញ្ចឹមសរីរាង្គកាយសោះ។ ចំណែកបន្លែវិញ កញ្ចប់មីខ្លះគ្មានជាតិបន្លែសោះ មីម៉ាកខ្លះមានដាក់បន្លែការ៉ុតមួយភាគរយ ឬស្លឹកខ្លឹម០,៤% ដែលបើគិតជាក្រាម គឺ ការ៉ុត៣,៦ក្រាម ស្លឹកខ្ទឹម១,៤ក្រាម។ កាន់តែអាក្រក់ខ្លាំងទៅទៀត បន្លែដ៏តិចតួចបំផុតនេះ មានទម្រង់ជាបន្លែសម្ងួតដែលបាត់បង់ស្ទើរអស់វីតាមីន និងអាហារូបត្ថម្ភ។
ដូច្នេះមីកញ្ចប់មិនមែនជាអាហារប្រកបដោយលំនឹង អាចជំនួសបាយម្ហូបមួយពេលបានទេ។ អ្នកជំនាញផ្នែកអាហារូបត្ថម្ភបារាំង បានហៅមីឆុងថាជាអាហារដែលផ្តល់កាឡូរីប្រហោង បរិភោគចូលទៅឆ្អែតពេញពោះតែគ្មានផ្តល់ជីវជាតិ គ្មានវីតាមីន អាហារចិញ្ចឹមទេ។ ងាយស្រួលធ្វើមែន តែមីឆុងជាផលិតផលអាហារដែលគួរជ្រើសរើសទទួលទាន ដោយប្រុងប្រយ័ត្នបំផុត ព្រោះគ្មានគុណភាពផ្នែកអាហារូបត្ថម្ភហើយ មានបង្កប់គុណវិបត្តិជាច្រើនផ្សេងទៀតណាស់។
គ្រឿងផ្សំជាសារធាតុគីមីគ្រោះថ្នាក់
គ្មានវីតាមីន គ្មានជីវជាតិផ្នែកអាហារូបត្ថម្ភទេ ប៉ុន្តែតើលោកអ្នកមានចាប់អារម្មណ៍ទេ ថាហេតុអ្វីបានជាមីកញ្ចប់មានរសជាតិឆ្ងាញ់ ឆ្ងាញ់ជាប់មាត់យ៉ាងចម្លែក បានញ៉ាំម្តងហើយហាក់ចង់ញ៉ាំទៀត សឹងដូចញៀន?! នេះគឺបណ្តាលមកពីមីកញ្ចប់ភាគច្រើន មានផ្ទុកសារធាតុគីមីសិប្បនិម្មិតសម្រាប់លើកក្លិននិងដំឡើងរសជាតិ ឱ្យកាន់តែឆ្ងាញ់ខ្លាំង ដោយទៅភ្ញោចប្រព័ន្ធប្រសាទអារម្មណ៍ឱ្យចង់តែបរិភោគ។ ដើម្បីឱ្យមីកញ្ចប់ មានរសជាតិដូចអាហារជប៉ុនពិតៗ អ្នកផលិតបានដាក់បន្ថែមនូវ រសជាតិ ក្លិនសិប្បនិម្មិត។ ហើយម៉ាកខ្លះ ខំអួតអាងថាគ្មានប្រើសារធាតុគីមី Monosodium de glutamate ប៊ីចេងទេ តែបែរជាប្រើសារធាតុគីមីលើករសជាតិម្យ៉ាងទៀត មិនសូវល្បីឈ្មោះ 5’-ribonucléotide disodique ដែលខ្លាំងជាងប៊ីចេងធម្មតា (Glutamate)ដល់ទៅ៤ទៅ១០ដង។ បើតាមវេបសាយលក់ផលិតផលគីមី សារធាតុផ្សំបន្ថែមដាក់ក្នុងមីកញ្ចប់ 5’-ribonucléotide disodique ត្រូវបានគេចាត់ទុកជារសជាតិទី៥ គឺរសជាតិ Umami។ រសជាតិដើមដែលមនុស្សលោកស្គាល់កន្លងមកគឺ ប្រៃ ផ្អែម ជូរ និងចត់ឬល្វីង។ ឯUmami ជារសជាតិ ដែលទើបរកឃើញ និងមានប្រភពមកពីប្រទេសជប៉ុន ឬនិយាយឱ្យចំជាប្រៃឆ្ងាញ់របស់ប៊ីចេង។ ដាក់រសជាតិនេះចូល គេអាចកាត់បន្ថយបរិមាណសាច់ និងបិទបាំងរសជាតិដើម ធ្វើឱ្យអាហារមានឱជារស ឆ្ងាញ់ ទាំងមិនសូវដាក់សាច់ ដាក់បន្លែ។
ពោលគឺ ប៊ីចេង ឬ សារធាតុគីមីដំឡើងរសជាតិនេះ មិនត្រឹមតែជួយឱ្យអាហារកាន់តែឆ្ងាញ់ កាន់តែ មានជាតិទេ តែវាអាចបំភាន់អណ្តាត ប្តូររសជាតិ ដោយបង្កើនជាតិផ្អែម និងរសជាតិទី៥ ហើយកាត់បន្ថយជាតិជូរចត់ល្វីង និង ជាតិប្រៃខះ។ ការប្រើប្រាស់សារធាតុគីមីដំឡើងរសជាតិ...
Duration:00:09:34
ស្រាបៀរ បង្កគ្រោះថ្នាក់ដល់សុខភាពយ៉ាងណាខ្លះ?
4/9/2025
ស្រាបៀរជាគ្រឿងស្រវឹងដែលមនុស្សបរិភោគច្រើនជាងគេបំផុតនៅលើពិភពលោក។ សូម្បីតែនៅក្នុងប្រទេសអ្នកផលិតស្រា ដូចយ៉ាងបារាំង ក៏ប៊ីយ៉ែរកំពុងឡើងប្រជាប្រិយភាព និងកំពុងពេញនិយមខ្លាំងដែរ។ ប៉ុន្តែប៊ីយ៉ែរឬស្រាបៀរ សុទ្ធតែអាចបង្កគ្រោះដល់សុខភាព។
កាលពីថ្ងៃទី៣១មីនា២០២៥ វិទ្យាស្ថាននយោបាយសាធារណៈអាស៊ីអាគ្នេយ៍និងវិទ្យាស្ថានចក្ខុវិស័យអាស៊ីអាគ្នេយ៍បានចេញរបាយការណ៍ បង្ហាញថាមួយភាគបួននៃយុវជនខ្មែរ អាយុពី១៥ទៅ១៩ឆ្នាំ (២៥ភាគរយ) មានទម្លាប់ផឹកគ្រឿងស្រវឹងជោគជាំលើសលុប។ ជាងនេះទៅទៀត មានមនុស្សដល់ទៅប្រមាណ៦០% យល់ថាស្រាបៀរជាជម្រើសគ្រឿងស្រវឹងដ៏មានសុវត្ថិភាព។ នេះបើតាមរបាយការណ៍ដដែល។
ចុះវេជ្ជសាស្ត្រនិងអ្នកស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រសុខភាពយល់យ៉ាងណាទៅវិញ ចំពោះស្រាបៀរនេះ ? មនុស្សលោកបានស្គាល់ បានដឹង ចេះផលិត និងទទួលទានស្រាបៀរ តាំងពី៧០០០ឆ្នាំមុនគ្រឹស្តសករាជឯណោះ។ ក្នុងសម័យបុរប្រវត្តិ ជនជាតិអេហ្ស៊ីប ធ្លាប់ប្រើស្រាបៀរនេះជាប្រាក់សម្រាប់ដោះដូរ ជាប្រាក់បៀរវត្សរ៍ ឬជាថ្នាំព្យាបាលជំងឺផង។ ផលិតចេញពីគ្រាប់ធញ្ញជាតិ ដូចយ៉ាង ស្រូវសាឡី បច្ចុប្បន្នស្រាបៀរបានក្លាយជាគ្រឿងស្រវឹង ដ៏ពេញនិយម និងដ៏មានប្រជាប្រិយភាព ដែលមានទទួលទានច្រើនជាងគេបំផុតនៅលើពិភពលោក។ សូម្បីតែនៅក្នុងប្រទេសផលិតស្រា ដូចយ៉ាងបារាំង ក៏ស្រាបៀរមានចំណែករួមតុ អមម្ហូបអាហារដ៏ប្រណិតៗប្រកបដោយភាពច្នៃប្រឌិតខ្ពស់ដែរ។ ពលរដ្ឋបារាំងទទួលទានស្រាបៀរជាមធ្យម៣៣លីត្រ ក្នុងឆ្នាំ២០២១ ឬស្មើប្រមាណ២,៧៥លីត្រក្នុងមួយខែ។
គេត្រូវរង់ចាំរហូតដល់ទសវត្សរ៍ឆ្នាំ១៩៩០ ទើបចាប់ឃើញមានអ្នកស្រាវជ្រាវផ្នែកអាហារូបត្ថម្ភ អេពីដេមីសាស្ត្រ និងវិទ្យាសាស្ត្រសង្គម ផ្តើមចាប់អារម្មណ៍សិក្សាអំពីឥទ្ធិពល និងផលប៉ះពាល់នៃជាតិអាល់កុល (ស្រាបៀរ) ចំពោះសុខភាព។ ជាលទ្ធផល និងដោយគ្មានអ្វីគួរឱ្យសង្ស័យ អាល់កុលឬគ្រឿងស្រវឹង ទោះជាស្រាបិត ស្រាផ្អាប់ ឬស្រាបៀរ សុទ្ធតែបង្កគ្រោះថ្នាក់ដល់សុខភាពទាំងអស់ ឱ្យតែផឹកច្រើនហួសហេតុ។ ប៉ុន្តែជំនឿ និងសម្មតិកម្មបញ្ច្រាសអួតអាងអំពីគុណប្រយោជន៍នៃស្រាបៀរ ក៏មានច្រើន។ ការសិក្សាចុងក្រោយ របស់សាកលវិទ្យាល័យហាវ៉ាតអាមេរិកដែលសារព័ត៌មានជាច្រើនបានយកមកចុះផ្សាយ បានអះអាងគុណប្រយោជន៍ជាច្រើននៃស្រាបៀរចំពោះសុខភាព តាមរយៈការសង្កេត ដែលឃើញថា ការទទួលទានស្រាបៀរស្រាលៗ ក្នុងបរិមាណបន្តិចបន្តួច បីថ្ងៃក្នុងមួយសប្តាហ៍ អាចជួយសម្រួលការរំលាយអាហារជួយបញ្ចុះជាតិខ្លាញ់អាក្រក់ក្នុងឈាម ដែលអាចជួយកាត់បន្ថយហានិភ័យមានគ្រោះស្ទះឬដាច់សរសៃឈាមបេះដូង ឬជួយកាត់បន្ថយគ្រោះកើតជំងឺទឹកនោមផ្អែម និងជួយពង្រឹងឆ្អឹង។ ប៉ុន្តែសម្រាប់សាស្ត្រាចារ្យវេជ្ជបណ្ឌិត Olivier Cottencin ឯកទេសផ្នែកចិត្តវិទ្យានិងវិទ្យាញៀនគ្រឿងស្រវឹង នៅមន្ទីរពេទ្យនិងមហាវិទ្យាល័យវេជ្ជសាស្ត្រក្រុងLille ប្រទេសបារាំង លោកបានប្រកាសដោយច្បាស់លាស់ថា គ្មានអាល់កុលណាដែលល្អសម្រាប់សុខភាពទេ ហើយគ្មានទេភស្តុតាងតាមបែបវិទ្យាសាស្ត្របញ្ជាក់អំពីផលល្អនៃសុរាមកលើរាងកាយ។ គុណសម្បត្តិនៃស្រាបៀរចំពោះសុខភាព ជាជំនឿចាស់គំរិលដែលក្រុមអ្នកជំនួញ យកមកធ្វើហេតុផលសម្រាប់បម្រើផលប្រយោជន៍ទីផ្សារលក់ស្រាបៀរតែប៉ុណ្ណោះ។
លោកសាស្ត្រាចារ្យOlivier Cottencin បានរៀបរាប់ដូច្នេះថា ស្រាបៀរល្អសម្រាប់សុខភាព ជាសំណល់ទស្សនៈ កាលពីសម័យដែលមនុស្សមានអាយុខ្លី រស់បានមិនដល់៤០ឆ្នាំ និងមានទឹកបរិភោគជាទឹកមិនស្អាត។ ជាទឹកកខ្វក់ មានមេរោគ ពិសាទៅនាំឱ្យមានជំងឺជាច្រើន។ ហេតុដូច្នេះហើយមនុស្សសម័យនោះស្វែងរកភេសជ្ជៈស្អាត។ ភេសជ្ជៈមានជាតិអាល់កុលដែលរកឃើញមុនគេក្នុងសម័យបុរេប្រវត្តិអេហ្ស៊ីប គឺស្រាបៀរ។ បន្ទាប់មកទើប ជនជាតិក្រិកនិងរ៉ូម៉ាំងចេះស្រាបិត។ ស្រា ស្រាបៀ គឺទឹកមានជាតិអាល់កុល ដែលផលិតឡើងដោយការផ្អាប់ បិតគ្រាប់ធញ្ញជាតិ ទើបជាប់ឈ្មោះជាភេសជ្ជៈស្អាត ព្រោះបានបិត ព្រោះមានជាតិអាល់កុល។ បើប្រៀបទៅនឹងទឹកមិនស្អាត ដែលមនុស្សសម័យនោះហូបទៅអាចឆ្លងរោគកើតជំងឺ ច្បាស់ណាស់ដែលថាស្រាបៀរជាភេសជ្ជៈល្អ ស្អាតនោះ។ នេះហើយជាប្រភពនិងជាដើមហេតុនាំឱ្យគេលេចគំនិតជឿថា ស្រាបៀរ ជាថ្នាំព្យាបាលរោគ ជាឱសថ អាចជួយឱ្យជាពីជំងឺ អាចការពារពីរោគាផ្សេង ពោលគឺស្រាបៀរល្អសម្រាប់សុខភាពនិងសម្រាប់ឆ្អឹង។
គ្រោះថ្នាក់នៃការផឹកស្រាបៀរច្រើនជ្រុល
ជំនឿនេះបានដក់ជាប់ក្នុងចិត្ត និងជឿតគ្នាៗ ឆ្លងសតវត្សរ៍ បើទោះបីបច្ចុប្បន្ននេះវិទ្យាសាស្ត្រាបញ្ជាក់យ៉ាងប្រាកដថា អាល់កុលបង្កើនហានិភ័យគ្រោះថ្នាក់តាំងពីផឹកចូលមួយកែវដំបូងក៏ដោយ។...
Duration:00:09:05